គ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច បានក្លាយហិង្សា ចុងក្រោយត្រូវសមត្ថកិច្ចយកទៅប៉ុស្តិ៍
ភ្នំពេញ៖ មានករណីហិង្សា ដែលផ្តើមឡើងពីគ្រោះថ្នាក់ចររាចរណ៍រវាងម៉ូតូ និងរថយន្ត បណ្តាលឱ្យខូចខាតបន្តិចបន្តួច តែភាគីទាំងពីរបានឈានដល់ការប្រើអំពើហិង្សានាំឲ្យភាគីខាងរថយន្តបែកក្បាល និងភាគីខាងម៉ូតូរងរបួសបែកមាត់ និងពកក្បាល កាលពីព្រឹកនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ នៅចំណុច ផ្លូវទន្លេសាប ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្នុងករណីនេះ ភាគីម៉ូតូ ឈ្មោះ ហុីម អាល់ឡាវីន ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅផ្លូវវិហារឥស្លាម ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរលក់សាច់គោ។ ចំណែកភាគីរថយន្តមានគ្នាចំនួន ៥នាក់ ឈ្មោះ សុខ ធីតា ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ គ្មានរងរបួស, ឈ្មោះ May Hoang Dai អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម រងរបួសបែកក្បាល អ្នកទេសចរណ៍, ឈ្មោះ Hai Hong Hung ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម គ្មានរងរបួស អ្នកទេសចរណ៍, ឈ្មោះ Ghuyan Ha ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិវៀតណាម គ្មានរងរបួស អ្នកទេសចរណ៍, ឈ្មោះ Nguy En Thuc ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម គ្មានរងរបួស អ្នកទេសចរណ៍។ ពួកគេស្នាក់នៅផ្ទះលេខ២៩ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ចំពោះសម្ភារដកហូតរួមមាន រថយន្តម៉ាក TOYOTA PRUS ១គ្រឿង, ម៉ូតូម៉ាក EROX ១គ្រឿង, ដុំឥដ្ឋបែក ចំនួន១, ឈើជ្រុងចំនួន ១កំណាត់, ឈើមូលចំនួន ១កំណាត់ និងអង្រែឈើ ចំនួន១។
បច្ចុប្បន្នភាគីទាំងពីរ ដែលមានគ្នាចំនួន ៦នាក់ រួមទាំងមធ្យោបាយរថយន្ត និងម៉ូតូ ត្រូវបានឃាត់ខ្លួន និងរក្សាទុកបណ្តោះអាសន្ននៅផ្នែកជំនាញព្រហ្មទណ្ឌអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីស្រាវជ្រាវបន្ត៕
ដោយ៖ ឌីយ៉ាម៉ង់