គោយន្តដឹកឈើ៣គ្រឿង ត្រូវកម្លាំងអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាបធ្វើការបង្ក្រាប
កំពង់ធំ៖ មន្ត្រីអធិការរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប បានឃាត់ចាប់គោយន្តដឹកឈើចំនួន ៣គ្រឿង ក្រោយទទួលព័ត៌មានថា បានដឹកឈើ ក្នុងទិសដៅចេញពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តកំពង់ធំ។ ក្នុងប្រតិប្ត្តិការនេះ កម្លាំងអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប សហការជាមួយកម្លាំងអាវុធហត្ថ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្ត ធ្វើស្ទាក់បង្ក្រាបបានភ្លាមៗ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ត្រង់ចំណុចភូមិត្រពាំងក្រោល ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា លទ្ធផលការបង្ក្រាបនេះឃាត់បានគោយន្តដឹកឈើចំនួន ៣គ្រឿង ជាប្រភេទឈើស្រឡៅ ឈ្មួញដឹកពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តកំពង់ធំ ដើម្បីយកទៅលក់បន្តនៅខេត្តកំពង់ចាម។ ខណៈកម្លាំងសមត្ថកិច្ចចុះទៅដល់ក្រុមជនល្មើសមានការភិតភ័យនាំគ្នារត់ចោលគោយន្តកន្ត្រៃបាត់ស្រមោល។
បច្ចុប្បន្នវត្ថុតាងគោយន្តកន្ត្រៃ ៣គ្រឿង និងឈើ សមត្ថកិច្ចយកទៅថែរក្សាទុកនៅអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ដើម្បីបន្តនីតិវិធីច្បាប់រង់ចាំម្ចាស់ចូលដោះស្រាយ និងពិន័យតាមច្បាប់។
សូមបញ្ជាក់ថា មួយរយៈនេះ ប្រជាពលរដ្ឋ បានសង្កេតឃើញថា សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ បានសហការជាមួយកម្លាំងប្រដាប់អាវុធ ធ្វើការបង្ក្រាបបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើបានជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់ មិនថាទ្រង់ទ្រាយធំ ឬការដឹកជញ្ជូនប្រើរូបភាពជាលក្ខណៈតូចក៏ដោយ៕
ដោយ៖ ស៊ុម ស៊ីថាវរី