ក្រសួងកិច្ចការនារី ដាក់ចេញអនុសាសន៍គោលនយោបាយចំនួន២ ដើម្បីលើកកម្ពស់សេវាឆ្លើយតបចំពោះស្ត្រី និងកុមារ និងអំពើហិង្សាទាក់ទងនឹងយេនឌ័រ

មណ្ឌលគិរី៖ រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានជំរុញដល់អ្នកពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបន្តធ្វើការផ្សព្វផ្សាយអនុវត្តអនុសាសន៍គោលនយោបាយសង្ខេប និងរកវិធានការឆ្លើយតបក្នុងការដោះស្រាយបញ្ហាលើប្រធានបទចំនួន២រួមមាន លើកកម្ពស់សេវាឆ្លើយតបចំពោះស្រ្តី និងកុមាររងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និង កាត់បន្ថយផលប៉ះពាល់នៃរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់។
លោកស្រី ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការក្រសួងកិច្ចការនារី ថ្លែងបែបនេះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយជាផ្លូវការនៅថ្នាក់ក្រោមជាតិ ស្តីពីការលើកកម្ពស់សេវាឆ្លើយតបចំពោះស្ត្រី និងកុមាររស់រានមានជីវិត ពីការរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារមណ្ឌលគិរី នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤។
លោកស្រីរដ្ឋលេខាធិការក្រសួងកិច្ចការនារី មានប្រសាសន៍បន្ថែមថា ក្រសួងកិច្ចការនារី ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល បានដើរតួយ៉ាងសកម្មក្នុងការលើកកម្ពស់សមភាពយេនឌ័រ បានដឹកនាំសម្របសម្រួលជាមួយគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍សង្គមស៊ីវិល និងបង្កើនភាពអង់អាចដល់ស្ត្រី និងវិស័យឯកជនក្នុងការលើកកម្ពស់ស្ថានភាព ឋានៈ តួនាទីរបស់ស្ត្រី និងក្មេងស្រីនៅក្នុងប្រទេសកម្ពុជា។
លោកស្រី ច័ន្ទ សូរីយ៍ មានប្រសាសន៍បន្ថែមថា ក្រុមការងារអន្តរក្រសួង បានបំពេញការងារ រៀបចំអនុសាសន៍គោលនយោបាយចំនួន៥ រហូតបានទទួលជោគជ័យ រួមមាន លើកកម្ពស់សេវាឆ្លើយតបចំពោះស្រ្តី និងកុមាររងគ្រោះដោយអំពើហិង្សាទាក់ទង នឹងយេនឌ័រ, ជំរុញការលុបបំបាត់ជំងឺមហារីកមាត់ស្បូនដើម្បីសង្គ្រោះជីវិតស្ត្រី, កាត់បន្ថយអត្រាមរណភាពមាតា ទារកនិងកុមារ ដោយលើកកម្ពស់ស្ថានភាព អាហារូបត្ថម្ភ សម្រាប់ស្ត្រីក្នុងវ័យបន្តពូជ ស្ត្រីមានផ្ទៃពោះ និងស្ត្រីក្រោយសម្រាល កូន អាយុ១៥-៤៩ឆ្នាំ, ការកាត់បន្ថយផលប៉ះពាល់និងអត្រារៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមាន ផ្ទៃពោះនៅវ័យជំទង់ និង លើកកម្ពស់តួនាទីស្ត្រីជាថ្នាក់ដឹកនាំនិងអភិបាលកិច្ចក្នុងវិស័យសុខាភិបាល។
ជាមួយគ្នានេះ ក្រុមការងារអន្តរក្រសួងបានសម្រេចជ្រើសរើសយកខេត្តមណ្ឌលគិរីនេះ សម្រាប់ការផ្សព្វផ្សាយ និងជំរុញការអនុវត្តការងារលើប្រធានបទទាំង២នេះផងដែរ។
ក្នុងគ្រានេះដែរ លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត បានឱ្យដឹងដែរថា រាជរដ្ឋាភិបាលអាណត្តិទី៧ បាននិងកំពុងបន្តធ្វើការពង្រឹងសមត្ថភាពមន្រ្តី ដើម្បីឆ្លើយតបទៅនឹងការកែទម្រង់ រដ្ឋបាលសាធារណៈ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការកែទម្រង់នានា នៅតាមក្រសួង-ស្ថានប័ន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានកំណត់អាទិភាពទៅលើ ការកសាងមូលធនមនុស្ស ប្រកបដោយគុណភាព និងបរិយាប័ន្ន៕
អត្ថបទ៖ ប៊ុត សុភ័ក្រ





