ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ជាពិសេសការធ្វើអត្តសញ្ញាប័ណ្ណគំរូថ្មី

សៀមរាប៖ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប លោក លី សំរិទ្ធ បានជំរុញដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវខិតខំពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ជាពិសេសការងារធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី។
លោក លី សំរិទ្ធ បានធ្វើការជំរុញបែបនេះ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ។
លោកប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានលើកឡើងថា នៅក្នុងរបាយការណ៍សកម្មភាពការងារ យើងឃើញថា ការអនុវត្តរបស់មន្ទីរ អង្គភាពជំនាញ មានលក្ខណៈល្អប្រសើរ។ ប៉ុន្តែក៏នៅមានបញ្ហាមួយចំនួនដែលត្រូវត្រួតពិនិត្យឡើងវិញ ជាពិសេសការងារអត្តសញ្ញាណកម្ម ។
នៅក្នុងរបាយការណ៍នៃអង្គប្រជុំបានឲ្យដឹងថា ការងារផ្តល់សេវាអត្តសញ្ញាណប័ណ្ណគំរូថ្មីជូនប្រជាពលរដ្ឋ ខេត្តសៀមរាប បានបោះពុម្ពអត្តសញ្ញាប័ណ្ណបានចំនួនជាង៩ម៉ឺនសន្លឹក ក្នុងនោះចែកជូនដល់ប្រជាពលរដ្ឋបានចំនួនជាងមួយម៉ឺនសន្លឹកអត្តសញ្ញាណប័ណ្ណ។
ទាក់ទិននឹងភាពយឺតយ៉ាវក្នុងការបែងចែកអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋនេះ លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ ស្នងការរង និងជាតំណាងស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ចំពោះតួលេខខាងលើ អាចជាការភាន់ច្រឡំណាមួយ ព្រោះចំនួនអត្តសញ្ញាណប័ណ្ណមិនសល់ច្រើនដល់ម្លឹងនោះទេ។
ព្រោះបន្ទាប់ពីបោះពុម្ពរួចស្នងការដ្ឋានបានធ្វើការបែងចែកទៅតាមបណ្តាប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ទាំងអស់ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋ។
លោកថាមួយផ្នែកក៏បណ្តាលមកពីប្រជាពលរដ្ឋខ្លះលោកបានចាកចេញ ទៅរកការងារធ្វើនៅក្រៅមូលដ្ឋាន ក៏ជាមូលហេតុដែលការងារផ្តល់អត្តសញ្ញាណប័ណ្ណនេះនៅសេសសល់។
ចំពោះការលើកឡើងនេះ លោកប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានចាត់ទុកថា ជាការងារមួយដែលយើងត្រូវខិតខំបន្ថែមទៀត ព្រោះថា ទោះបីជាពលរដ្ឋខ្លះលោកចាកចេញពីមូលដ្ឋានក៏នៅមានក្រុមគ្រួសាររបស់គាត់ ដែលយើងអាចផ្ញើទុកនៅជាមួយបានផងដែរ។ ដូច្នេះលោកបានជំរុញឲ្យខិតខំធ្វើកិច្ចការនេះបន្ថែមទៀត៕
អត្ថបទ៖ ជា ស្រស់




