ព័ត៌មានជាតិ

ពិព័រណ៍គំនូរសិល្បៈចំនួន១៣៩ផ្ទាំង ត្រូវបានតាំងបង្ហាញនៅវិចិត្រសាលរបស់អង្គការហ្វាពន្លឺសិល្បៈបាត់ដំបង ដើម្បីលើកកម្ពស់វិស័យសិល្បៈគំនូររបស់ជាតិ

image


បាត់ដំបង ៖ ពិព័រណ៍គំនូរសិល្បៈចំនួន១៣៩ផ្ទាំង ត្រូវបានដាក់តាំងនៅវិចិត្រសាលរបស់សមាគមហ្វាពន្លឺសិល្បៈបាត់ដំបង ដើម្បីបង្ហាញដល់សាធារណៈជន និងភ្ញៀវទេសចរជាតិ អន្តរជាតិ បានចូលរួមទស្សនាអំពីស្នាដៃសិស្សសិល្បៈ និងផ្តល់ការលើកទឹកចិត្តបន្ថែម ក្នុងការលើកកម្ពស់តម្លៃនៃការខិតខំប្រឹងប្រែងរបស់សិស្សសិល្បៈនៃសមាគមហ្វាពន្លឺសិល្បៈបាត់ដំបង ។

គោលបំណងសំខាន់ក្នុងការបើកពិព័រណ៍ស្នាដៃសិល្ស នាពេលនេះ គឺចង់បង្ហាញស្នាដៃសិល្បៈ ដែលជាលទ្ធផលនៃកម្មសិក្សារបស់សិស្ស សិល្បករ សិល្បការិនី និងគ្រូ ទៅកាន់តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្ត និងទីតាំងបេតិកភណ្ឌនានា ក្នុងខេត្តកំពង់ធំ សៀមរាប និងខេត្តកំពត ដែលជាផ្នែកមួយនៃកម្មវិធីសិក្សារបស់សាលាជំនាញសិល្បៈសូនរូប នៃសមាគមហ្វារពន្លឺសិល្បៈ ព្រមទាំងចង់បង្ហាញអំពីគុណភាពនៃការសិក្សានៅសាលាជំនាញសិល្បៈសូនរូបផងដែរ ។

នាយកអង្គការហ្វាពន្លឺសិល្បៈ បានបញ្ជាក់ថា ប្រធានបទសម្រាប់ស្នាដៃពិព័រណ៍គំនូរនាពេលនេះ គឺការចាប់យកចំណុចសំខាន់ដ៏ល្អឯករបស់កម្ពុជា តាំងពីសម័យអង្គរ និងសម័យអាណានិគមថ្មីៗនេះ ។ ស្នាដៃទាំងនេះបង្កប់នូវអារម្មណ៍អាឡោះអាល័យ និងរំលេចនូវភាពសំខាន់នៃការរក្សាប្រវត្តិសាស្ត្ររបស់ជាតិកម្ពុជា ។ ស្នាដៃសិល្បៈ ចាប់យកទម្រង់មួយផ្សេងទៀតរបស់សិល្បៈ ស្ថាបត្យកម្ម និងការងាររបស់ជាងសំណង់ ដែលពោរពេញដោយការស្រឡាញ់ និងមានជំនាញខ្ពស់ជាច្រើន ដែលបានសាងសង់អគារដោយយកចិត្តទុកដាក់ពិតប្រាកដចំពោះព័ត៌មានលម្អិត ទិដ្ឋភាព និងសមាមាត្រជាអ្វីដែលសូម្បីតែអគារទូទៅបច្ចុប្បន្ននេះអាចច្រណែនបាន ។ គួរឲ្យស្តាយយើងកម្របានឃើញនូវសិល្បៈដ៏វិចិត្របែបនេះ នៅក្នុងសំណង់សព្វថ្ងៃណាស់ ។

នាយកសាលាសិល្បៈសូនរូប នៅសមាគមហ្វាពន្លឺសិល្បៈបាត់ដំបង លោក តោ វុត្ថា បានបញ្ជាក់ថា ការដាក់តាំងពិព័រណ៍សិល្បៈគំនូរ គឺតែងតែទទួលបាននូវភាពជោគជ័យ ដោយសារតែបានបង្ហាញនូវស្នាដៃរបស់សិស្ស ដើម្បីឱ្យគេបានមើលឃើញ និងភ្ញៀវមានការចាប់អារម្មណ៍ ដែលស្នាដៃទាំងនេះ បានធ្វើការផ្លាស់ប្តូរពីវិចិត្រសាលរបស់អង្គការហ្វាពន្លឺសិល្បៈខេត្តបាត់ដំបង ទៅរាជធានីភ្នំពេញ និងវិចិត្រសាលផ្សេងៗជាដៃគូផងដែរ ។

ជាសិស្សផ្នែកគំនូរជីវចល នៃសាលាសិល្បៈសូនរូប នៅសមាគមហ្វាពន្លឺសិល្បៈបាត់ដំបង ប្អូនស្រី លីម ស្រីនាថ បានរំលេចថា នៅក្នុងពេលរៀន និងពេលចុះកម្មសិក្សា គឺទទួលបានបទពិសោធន៍ច្រើនទាក់ទងជាមួយសិល្បៈគំនូរ និងការប្រាស្រ័យទាក់ទងអ្នកនៅជុំវិញខ្លួន និងការធ្វើការងារជាមួយនឹងក្រុមហ៊ុននៅផ្នែកខាងក្រៅ ដោយសារតែសាលាបានផ្តល់ឱកាសឱ្យសិក្សាស្រាវជ្រាវអំពីការរៀនទាំងផ្នែកគំនូរ និងផ្នែកគំនូរជីវចល ។

អភិបាលរងក្រុងបាត់ដំបង លោក រុន សុខគ្រី បានចាត់ទុកថា ស្នាដៃនេះគឺពិតជាមានលក្ខណៈពិសេសគួរកត់សម្គាល់ជាច្រើនក្នុងសកម្មភាពរស់រវើកនាសម័យនីមួយៗ ដែលស្នាដៃនេះបានបង្ហាញពីទិដ្ឋភាពនៃការរស់នៅនាសម័យអង្គរដ៏រុងរឿង និងសម័យក្រោយអាណានិគម ធ្វើឱ្យអារម្មណ៍អ្នកទស្សនា ដូចបានត្រឡប់ទៅដល់ទិដ្ឋភាពពីមុនដោយផ្ទាល់ដូច្នេះដែរ ។

គួរបញ្ជាក់ថា ពិព័រណ៌សិល្បៈនេះ គឺជាលទ្ធផលនៃកម្មសិក្សា ដែលបានរៀបចំសម្រាប់សិស្សានុសិស្ស នៃសាលាជំនាញសិល្បៈសូនរូប ហើយក៏មានការអញ្ជើញអតីតសិស្ស និងសិល្បៈកររបស់សមាគមហ្វាពន្លឺសិល្បៈបាត់ដំបង ចូលរួមចែករំលែកបទពិសោធន៍ល្អៗ ទៅកាន់សិស្សានុសិស្សជំនាន់ក្រោយនេះផងដែរ ៕

ដោយ ៖ ឡាច សុគន្ធាវី