ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីព័ត៌មានប៉ាគីស្ថាន រំពឹងទទួលលទ្ធផលផ្លែផ្កាក្នុងជំនួបទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីចិន

image


ប៉ាគីស្ថាន៖ នៅថ្ងៃអាទិត្យម្សិលមិញ រដ្ឋមន្ត្រីក្រសួងព័ត៌មានប៉ាគីស្ថាន លោក អាតាឡាហ៍ តារ៉ា (Attaullah Tarar) បានសម្តែងការសាទរនិងភាពសុទិដ្ឋិនិយមចំពោះផែនការដំណើរទស្សនកិច្ចនាពេលខាងមុខ របស់នាយករដ្ឋមន្ត្រីចិន លោកលីឈាង (Li Qiang) ដោយបានគូសបញ្ជាក់អំពីទំនាក់ទំនងមិត្តភាពយូរអង្វែង រួមទាំងសារៈសំខាន់នៃគម្រោងសហប្រតិបត្តិការភាពជាដៃគូអភិវឌ្ឍរវាងប្រជាជាតិទាំងពីរ។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយភ្នាក់ងារបណ្តាញទូរទស្សន៍ចិនអន្តរជាតិ CGTN នៅឯទីក្រុងអ៊ីស្លាម៉ាបាដ រដ្ឋមន្ត្រីប៉ាគីស្ថានរូបនេះ បង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី លីឈាង ដែលត្រូវធើ្វឡើងនៅថ្ងៃចន្ទនេះ ក្រោមការអញ្ជើញដោយផ្ទាល់របស់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក សេហ៍បាស សារីហ្វ (Shehbaz Sharif) ដើម្បីចូលរួមក្នុងកិច្ចប្រជុំលើកទី២៣ នៃក្រុមប្រឹក្សាប្រមុខរដ្ឋជាសមាជិកអង្គការសហប្រតិបត្តិការសៀងហៃ ដែលនឹងត្រូវប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ រហូតដល់ថ្ងៃទី ១៧ ខែតុលា។

ក្នុងឱកាសកិច្ចសម្ភាសន៍ខាងលើ រដ្ឋមន្រ្តីព័ត៌មានប៉ាគីស្ថាន បានរៀបរាប់ដោយរម្លឹកឡើងវិញពីដំណើរទស្សនកិច្ចចុងក្រោយរបស់អតីតនាយករដ្ឋមន្ត្រីចិន លោកលី ខឹឈាង (Li Keqiang) កាលពីឆ្នាំ ២០១៣ ដោយបានសង្កត់ធ្ងន់ទៅលើកិច្ចទំនាក់ទំនងមិត្តភាពដ៏យូរលង់រវាងប្រជាជាតិទាំងពីរ និងសារៈសំខាន់នៃគម្រោងសហប្រតិបត្តិការរួមគ្នាដែលជារបៀបវារៈអំឡុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសចិន កាលពីខែមិថុនា។

មន្រ្តីប៉ាគីស្ថានដដែល បានបន្ថែមឱ្យដឹងថា "ប៉ាគីស្ថាននិងចិន បានពិភាក្សាគ្នាលើគម្រោងអភិវឌ្ឍធំៗជាច្រើន ដូចជាគម្រោងផ្លូវរថភ្លើង ML-1 គម្រោងព្រលានយន្តហោះក្នុងទីក្រុងកំពង់ផែហ្កាដារ (Gwadar) និងគម្រោងផ្សេងៗជាច្រើនទៀត ក្រោមក្របខណ្ឌអភិវឌ្ឍនៃផែនការគំនិតផ្តួចផ្តើមផ្លូវនិងខ្សែក្រវាត់ BRI របស់ចិន ដើម្បីសម្រួលដល់ដំណើរការដឹកជញ្ជូនក្នុងតំបន់ឱ្យកាន់តែមានភាពល្អប្រសើរ៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect
រូបភាព៖ Reuters Connect/ Dreams Times