ព័ត៌មានអន្តរជាតិ

កម្មករដឹកជញ្ជូនក្នុងប្រទេសប៉េរូ ប៉ះទង្គិចគ្នាជាមួយអាជ្ញាធរ អំឡុងការតវ៉ាទាមទារលក្ខខណ្ឌសុវត្ថិភាពការងារ

image


ប៉េរូ៖ នៅចុងសប្តាហ៍កន្លងទៅ មានការប៉ះទង្គិចហិង្សាមួយបានផ្ទុះឡើងរវាងក្រុមកម្មករដឹកជញ្ជូន ជាមួយអាជ្ញាធរក្នុងរដ្ឋធានីលីម៉ា របស់ប្រទេសប៉េរូ ជុំវិញការធើ្វបាតុកម្មទាមទារឱ្យមានការគិតគូរចំពោះលក្ខខណ្ឌសុវត្ថិភាពការងាររបស់ក្រុមអ្នកបើកបរ ដោយសារតែការវាយប្រហារនិងអំពើចាប់ជំរឹតរបស់ក្រុមឧក្រិដ្ឋជន។

នៅមុនការប៉ះទង្គិចហិង្សានេះ ក្រុមអ្នកតវ៉ាបាននាំគ្នាដង្ហែក្បួនទៅកាន់បរិវេណអគាររដ្ឋសភានៅកណ្តាលទីក្រុង លីម៉ា ដើម្បីជំរុញឱ្យសមាជិកសភាប៉េរូ ធើ្វការលុបចោលច្បាប់ស្តីអំពី ”អង្គការឧក្រិដ្ឋកម្ម និងអំពីភេរវកម្មក្នុងទីប្រជុំជន” ដែលត្រូវបានអ្នកជំនាញរិះគន់ថា នឹងបង្កភាពស្មុគស្មាញតែតែខ្លាំងដល់ដំណើរការប្រយុទ្ធប្រឆាំងនឹងក្រុមឧក្រិដ្ឋជន។

នគរបាលកុបកម្ម បានប្រើប្រាស់ឧស័្មនបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងអ្នកតវ៉ា ខណៈក្រុមបាតុករបាននាំគ្នាធើ្វការឆ្លើយតបដោយគប់ដុំថ្ម និងរបស់របរផ្សេងៗទៀត។

ប្រឈមនឹងការមិនពេញចិត្តចំពោះច្បាប់ថ្មីខាងលើនេះ សភាប៉េរូ បានធើ្វការកែសម្រួលចំណាត់ថ្នាក់អំពើឧក្រិដ្ឋកម្មមួយចំនួន ដូចជាអំពើចាប់ជំរឹត ការបង្ខំទារប្រាក់ និងឃាតកម្ម ឱ្យទៅជា “អំពើភេរវកម្មក្នុងទីប្រជុំជន“ ប៉ុន្តែត្រូវបានក្រុមបាតុករភាគច្រើនបន្តបដិសេធមិនគាំទ្រ និងបានជំរុញឱ្យអាជ្ញាធរ ត្រូវមានវិធានការដោះស្រាយជាបន្ទាន់ ចំពោះការកើនឡើងនូវបញ្ហាអសន្តិសុខការងារសម្រាប់ពួកគេ៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព/ រូបភាព៖ Reuters Connect