អត្ថបទអត្ថាធិប្បាយរបស់បណ្តាញផ្សព្វផ្សាយចិន CMG រិះគន់មេដឹកនាំកោះតៃវ៉ាន់ថាជាបុគ្គលបង្ករឿង និងភូតកុហក់
ចិន៖ យោងតាមអត្ថបទអត្ថាធិប្បាយមួយដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយចិន ហៅកាត់ថា CMG កាលពីចុងសប្តាហ៍កន្លងទៅ បានវាយប្រហារដោយរិះគន់មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te ថាជាបុគ្គលប្រកាន់គំនិតផ្តាច់ខ្លួននិយមប្រកបដោយគ្រោះថ្នាក់ និងជាអ្នកនយោបាយចូលចិត្តភូតកុហក់ ញុះញង់ និងបង្កបញ្ហានៅតំបន់ច្រកសមុទ្រ តាមរយៈការបន្តជំរុញទស្សននយោបាយ "គាំទ្រការប្រកាសឯករាជ្យរបស់កោះតៃវ៉ាន់" ដែលត្រូវបានគេចាត់ទុកថាជារឿងដ៏គ្រោះថ្នាក់សម្រាប់ស្ថានការណ៍ទំនាក់ទំនងរវាងកោះតៃវ៉ាន់និងប្រទេសចិន។
នៅក្នុងវិចារណកថាដែលត្រូវបានប្រែសម្រួលជាភាសាអង់គ្លេសសម្រាប់ការផ្សព្វផ្សាយជាអន្តរជាតិ គឺមានខ្លឹមសារដូចខាងក្រោមថា៖ នៅថ្ងៃទី ១០ ខែតុលាកន្លងទៅ លោក Lai Ching-te បានថ្លែងសុន្ទរកថាមួយដោយបើកចំហជាសាធារណៈអំពីទស្សននយោបាយគាំទ្រឯករាជ្យភាពរបស់កោះតៃវ៉ាន់ និងបានបំភ័ន្តឱ្យមានការស្រមើស្រមៃថា "ការប្រកាសឯករាជ្យរបស់កោះតៃវ៉ាន់គឺជារឿងសមហេតុផល"។
ប៉ុន្តែអ្វីដែលគេមើលឃើញនោះគឺ លោក Lai Ching-te កំពុងប្រឈមនឹងការបាត់បង់ទំនុកចិត្តរបស់ពលរដ្ឋតៃវ៉ាន់ ដោយសារតែការមិនអើពើរបស់លោក ចំពោះការទាមទាររបស់ពលរដ្ឋតៃវ៉ាន់នាពេលកន្លងមក និងបានបន្តបញ្ចេញសារនយោបាយញុះញង់ប្រកបដោយគ្រោះថ្នាក់ទៅលើបញ្ហាឯករាជ្យរបស់តៃវ៉ាន់ ដែលមិនធ្លាប់មានគិតចាប់តាំងពីរូបលោកបានឡើងកាន់តំណែងកាលពីខែឧសភា។
អត្ថបទដដែលនេះបានបន្តថា ដើម្បីបន្តបោកបញ្ឆោតពលរដ្ឋតៃវ៉ាន់ឱ្យជឿជាក់ទៅលើនយោបាយរបស់លោក លោក Lai តែងព្យាយាមសម្រិតសម្រាំងពាក្យពេចន៍យ៉ាងប្រុងប្រយ័ត្ននៅក្នុងការថ្លែងសុន្ទរកថាជាសាធារណៈ។
ប៉ុន្តែយ៉ាងណាក្តី មតិសាធារណជនតៃវ៉ាន់ភាគច្រើន ហាក់បានកំពុងឃើញការភូតកុហករបស់លោក Lai និងចេតនាពិតប្រាកដរបស់លោកក្នុងការបង្កើនភាពតានតឹង និងបង្កអស្ថិរភាពនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់។ នេះបើយោងតាមការលើកឡើងរបស់ក្រុមយុវជនតៃវ៉ាន់ តាមរយៈកិច្ចសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដែលបានលើកឡើងបន្ថែមដោយចាត់ទុកប្រទេសចិន ថាជាមាតុភូមិរបស់ប្រជាជាតិចិនទាំងអស់លើពិភពលោក រួមទាំងពលរដ្ឋនៅលើកោះតៃវ៉ាន់ផង។
ដោយឡែក សម្រាប់អ្នកជំនាញស្ថានការណ៍នយោបាយវិញបានលើកឡើងថា អ្វីដែលលោក Lai Ching-te បានលើកឡើង គឺគ្រាន់តែជាវោហាសព្ទបំភ័ន្តការពិតដើម្បីទាក់ទាញការគាំទ្រពីក្រុមយុវជនតៃវ៉ាន់ដែលជាម្ចាស់ឆ្នោត។
នៅក្នុងសារនយោបាយនោះ លោក Lai ក៏បានលើកឡើងអួតអាងនូវអ្វីដែលលោកហៅថាជា "អធិបតេយ្យភាពរបស់កោះតៃវ៉ាន់" ប៉ុន្តែឯកសារអន្តរជាតិមួយចំនួនបានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តំណាងឱ្យប្រជាជាតិចិនទាំងមូល ដែលមានអំណាចក្នុងការអនុវត្តសិទ្ធិអធិបតេយ្យភាពទៅក្នុងប្រទេសចិន រួមទាំងកោះតៃវ៉ាន់ផង ។
ជុំវិញបទអត្ថាធិប្បាយនេះ ក៏មានការដកស្រង់និងចង្អុលបង្ហាញជាច្រើនផ្សេងទៀតដែលអះអាងថា កោះតៃវ៉ាន់នៅតែជាផ្នែកមួយរបស់ចិនដោយមិនអាចប្រកែកបាន បើទោះបីជាមានការវែកញែកផ្សេងៗគ្នាតាមជ្រុងប្រវត្តិសាស្ត្រឬក៏វប្បធម៌យ៉ាងណាក្តី៕
ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect
រូបភាព៖ Reuters Connect/ US News