បាក់ឌុប៖ ក្រសួងអប់រំ កំណត់យកពិន្ទុ២៣៧ជាពិន្ទុជាប់ ក្នុងការប្រឡង ខណៈប្រកាសលទ្ធផលថ្ងៃទី៣០ ខែតុលា សម្រាប់ភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី៣១ ខែតុលា សម្រាប់បណ្ដាខេត្តផ្សេងៗ

ភ្នំពេញ៖ ខណៈការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកំពុងតែដំណើរការ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសកំណត់យកពិន្ទុ២៣៧ ជាពិន្ទុជាប់នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ៖០៨ តុលា ២០២៤។
មិនខុសពីឆ្នាំមុនឡើយក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកពិន្ទុ២៣៧ជាពិន្ទុដែលជាប់នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)។
សូមរម្លឹកថា កាលពីប្រឡងបាក់ឌុប សម័យប្រឡង៖ ០៦-០៧ វិច្ឆិកា ២០២៣ ក្រសួងអប់រំ យុវ ជន និងកីឡា បានកំណត់យកពិន្ទុ២៣៧ដូចគ្នានឹងសម័យប្រឡង៖ ០៨ តុលា ២០២៤ដែរ។ ដោយកាលណោះក្រសួងបានបង្ហាញពីរបបពិន្ទុប្រឡងអតិបរមា៥០០ពិន្ទុ ប៉ុន្តែដោយមុខវិជ្ជាភាសាបរទេសជាវិញ្ញាសាតាមស្ម័គ្រ ដូច្នេះពិន្ទុប្រឡងជាប់គឺ៥០០ដក២៥ រួចចែកនឹង២ ស្មើនឹង២៣៧,៥ពិន្ទុ តែក្រសួងកំណត់យកត្រឹម២៣៧ពិន្ទុប៉ុណ្ណោះជាពិន្ទុជាប់។
គួរបញ្ជាក់ដែរថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ មានបេក្ខជនចូលរួមប្រឡងសរុបជាង១៣ម៉ឺននាក់(១៣៧.០៤០នាក់) ក្នុងនោះស្រីមាន ៧៤.៨៨២នាក់។ ដោយបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន៣៩.៣៥៨ នាក់ (ស្រី ២៣.៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៩៧.៦៨២ នាក់ (ស្រី ៥១.១៦៧នាក់)។
ចំណែកមណ្ឌលសំណេរមានចំនួនសរុប ២៣០ មណ្ឌល ត្រូវជា ៥.៥៣៣ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៧៣ មណ្ឌល ត្រូវជា ១.៦០២ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៥៧ មណ្ឌល ត្រូវជា ៣.៩៣១បន្ទប់។
ចំពោះមណ្ឌលកំណែសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ១០ មណ្ឌល ដែលមានទីតាំងស្ថិតនៅរាជធានីភ្នំពេញ។
រីឯការប្រកាសលទ្ធផលក្រសួងអប់រំកំណត់យកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ពេលរសៀលសម្រាប់ការប្រកាសលទ្ធផលប្រឡងនៅរាជធានីភ្នំពេញ ចំណែកខេត្តកណ្តាល និងខេត្តផ្សេងៗទៀតនៅទូទាំងប្រទេសនឹងប្រកាសនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤៕
អត្ថបទ៖ សុភៈនារី
រូបភាព៖ ផេកក្រសួងអប់រំ










