ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Google នឹងបោះទុន ១ ពាន់លានដុល្លារដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យក្នុងប្រទេសថៃឡង់ដ៍

image


សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុន Google គ្រប់គ្រងដោយក្រុមហ៊ុនមេ Alphabet Inc នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បានឱ្យដឹងថា ខ្លួននឹងបោះទុនវិនិយោគប្រមាណជា ១ ពាន់លានដុល្លារអាម៉េរិក ដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យ និងប្រព័ន្ធ cloud នៅក្នុងប្រទេសថៃឡង់ដ៍ ដើម្បីបំពេញតម្រូវការ cloud ដែលកំពុងកើនឡើង និងគាំទ្រចំពោះដំណើរការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។


ក្រុមហ៊ុន Google និយាយថា ការវិនិយោគនេះ នឹងផ្តល់ការងារជាមធ្យមចំនួន ១៤,០០០ មុខតំណែងក្នុងមួយឆ្នាំ រហូតដល់ឆ្នាំ ២០២៩ នេះបើយោងតាមការដកស្រង់ការសិក្សាគម្រោងដោយក្រុមហ៊ុន Deloitte ។


ក្រុមហ៊ុន Google និយាយថា "ហេដ្ឋារចនាសម្ព័ន្ធនៃមជ្ឈមណ្ឌលទិន្នន័យ និង cloud របស់ខ្លួននៅក្នុងទីក្រុងបាងកក និងខេត្តឈុនបុរី នឹងជួយបំពេញតម្រូវការ Google Cloud ដែលកំពុងតែកើនឡើង រួមទាំងភាពច្នៃប្រឌិតចំពោះបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងសេវាកម្មឌីជីថលដ៏ពេញនិយមរបស់ក្រុមហ៊ុន ដូចជាការស្វែងរក ផែនទី (Map) និង Google Workspace" ។


មជ្ឈមណ្ឌលទិន្នន័យរបស់ Google នឹងមានទីតាំងនៅក្នុងតំបន់ឧស្សាហកម្មក្នុងខេត្តឈុនបុរី ខណៈមជ្ឈមណ្ឌល Google cloud ដែលមានសមាសធាតុរូបវន្តទាំង Hardware និង Software សម្រាប់ផ្តល់សេវាដល់ស្ថាប័នឯកជន និងសាធារណៈ នឹងមានទីតាំងស្ថិតនៅរាជធានីបាងកក ។


កាលពីខែឧសភា ក្រុមហ៊ុន Microsoft និយាយថា ខ្លួននឹងបើកដំណើរការមជ្ឈមណ្ឌលទិន្នន័យក្នុងតំបន់ដំបូងបំផុតរបស់ខ្លួន នៅក្នុងប្រទេសថៃឡ់ងដ៍ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ក្នុងការជំរុញសេវាកម្មផ្ទុកទិន្នន័យ cloud ៕


ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters