ព័ត៌មានអន្តរជាតិ

បុរសម្នាក់ ចាក់ថ្នាំកណ្ដុរក្នុងអាហារដើម្បីបំពុលអ្នកភូមិ ដែលសើចចំអកថា អាយុ ៣៩ ឆ្នាំហើយ នៅលីវទៀត

image


ចិន៖ បុរសជាម្ចាស់ហាងមួយកន្លែងក្នុងប្រទេសចិន ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ពីបទចាក់ថ្នាំកណ្តុរចូលទៅក្នុងអាហារសម្រន់ ក្នុងគោលបំណងដើម្បីបំពុលអ្នកភូមិ ដែលសើចចំអកឱ្យខ្លួនថា អាយុ ៣៩ ឆ្នាំហើយ នៅ«លីវ»ទៀត ។


សមត្ថកិច្ចសង្កាត់ជីជូ (Jizhou) ក្រុងធៀនជីង (Tianjin) កាលពីចុងសប្ដាហ៍កន្លងទៅ បានប្រកាសថា បុរសក្នុងតំបន់ម្នាក់ ឈ្មោះ វ៉ាង (Wang) អាយុ ៣៩ ឆ្នាំ ជាម្ចាស់ហាងលក់ទំនិញនិងគ្រឿងទេស ត្រូវមន្ត្រីនគរបាលចាប់ខ្លួនពីបទ «ចាក់បញ្ចូលថ្នាំកណ្ដុរទៅក្នុងអាហារសម្រន់ដែលដាក់លក់នៅក្នុងហាង រហូតនាំឱ្យមានអ្នកពុលជាច្រើនករណី» ។


កាលពីថ្ងៃទី ១១ ខែកញ្ញា អាជ្ញាធរមូលដ្ឋាន ទទួលបានរបាយការណ៍ពីអ្នកស្រុកមួយរូបនៅក្នុងសង្កាត់ជីជូ (Jizhou) ក្រុងធៀនជីង (Tianjin) ដែលធ្លាប់មានបទពិសោធន៍ហូរឈាមតាមច្រមុះ ក្រោយហូបអាហារសម្រន់រួច។ តាមរយៈការស៊ើបអង្កេត រកឃើញថា ទាំងនៅក្នុងឈាមរបស់ជនរងគ្រោះ និងអាហារសម្រន់ សុទ្ធតែមានផ្ទុកសារធាតុពុលចេញពីថ្នាំកណ្ដុរដូចគ្នា។

យោងតាមសារព័ត៌មាន Sina News បានបញ្ជាក់បន្ថែមថា អ្នកភូមិផ្សេងៗទៀត ក៏បានរាយការណ៍ពីបទពិសោធន៍ស្រដៀងៗគ្នានឹងករណីខាងលើផងដែរ ។


មន្ត្រីបានឈានដល់ការកំណត់អត្តសញ្ញាណរបស់លោក Wang ថាជាជនសង្ស័យ បន្ទាប់ពីស៊ើបអង្កេតរកប្រភពរបស់អាហារសម្រន់ដែលមានផ្ទុកសារធាតុពុលនោះរួចមក ។
តាមរយៈការស៊ើបអង្កេត គេបានរកឃើញថា លោក Wang បានទិញថ្នាំកណ្ដុរពីផ្សារមួយកន្លែងនៅក្នុងតំបន់ ហើយបានប្រើប្រាស់សឺរ៉ាំង ដើម្បីចាក់ថ្នាំកណ្ដុរបញ្ចូលទៅក្នុងអាហារសម្រន់ដែលដាក់លក់នៅក្នុងហាង ហើយជនសង្ស័យ បានប្រព្រឹត្តសកម្មភាពបែបនេះជាច្រើនដង ។


អំឡុងឆែកឆេរលំនៅដ្ឋានរបស់លោក Wang មន្ត្រីបានរកឃើញមានសឺរ៉ាំង និងថ្នាំកណ្តុរសេសសល់នៅក្នុងផ្ទះនៅឡើយ ។


ស្ថិតនៅក្រោមការសួរចម្លើយ លោក Wang បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពបែបនេះមែន ប៉ុន្តែលោកបានរៀបរាប់បន្ថែមថា ដោយសារតែអ្នកភូមិមើលងាយ និងសើចចំអកឡកឡឺយមកកាន់ខ្លួន ជាញឹកញាប់ ដោយគ្រាន់តែខ្លួននៅលីវ រហូតនាំឱ្យមានការមិនពេញចិត្ត និងចាប់ផ្តើមធ្វើសកម្មភាពជាបន្តបន្ទាប់ ដូចដែលបានរាយការណ៍ដោយសារព័ត៌មាន QQ News ។


បច្ចុប្បន្ន លោក Wang កំពុងស្ថិតនៅក្រោមការឃុំខ្លួនក្នុងបទឧក្រិដ្ឋ ហើយករណីនេះ កំពុងស្ថិតនៅក្នុងការស៊ើបអង្កេតជាបន្ត។ អាហារដែលមានសារធាតុពុលក្នុងហាង ត្រូវបានប្រមូលចេញវិញទាំងអស់ និងទុកនៅក្នុងទីតាំងមានសុវត្ថិភាព (បិទការអនុញ្ញាតចំពោះអ្នកគ្មានសមត្ថកិច្ច)។ ជនរងគ្រោះទាំងអស់ដែលពុល កំពុងទទួលការព្យាបាល ហើយមានភាពធូរស្រាលជាធម្មតា ដោយមិនមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ៕


ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VN Express

(រូបតំណាង)