បាក់ឌុប២០២៤៖ ក្រសួងអប់រំ ព្រមានថា បេក្ខជនដែលប្រព្រឹត្តសកម្មភាពចំនួន១០ចំណុចដែលក្រសួងហាមប្រាម នឹងត្រូវចាត់ចូលជាសកម្មភាពកម្រិតថ្នាក់ទី២
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ប្រសិនបេក្ខជនប្រព្រឹត្តនូវសកម្មភាពចំនួន១០ចំណុចដែលក្រសួងបានកំណត់នឹងត្រូវចាត់ចូលជាសកម្មភាពកម្រិតថ្នាក់ទី២។ ការបញ្ជាក់របស់ក្រសួងអប់រំនៅពេលនេះ ដើម្បីក្រើនរម្លឹកស្មារតីបេក្ខជនកុំឱ្យប្រព្រឹត្តខុសឆ្គងនៅក្នុងពេលប្រឡង ខណៈការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នឹងចាប់ផ្តើមនៅថ្ងៃទី០៨ ខែតុលាខាងមុខ។
បើតាមក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា បេក្ខជនដែលធ្វើឱ្យខូចសណ្តាប់ធ្នាប់របៀបរៀបរយនៃការប្រឡង និងប៉ះពាល់កិត្តិយសគណៈមេប្រយោគ និងកម្រិតវិន័យនឹងមិនត្រូវអនុញ្ញាតឱ្យចូលប្រឡងដោយកំណត់ឱ្យធ្លាក់ដោយស្វ័យប្រវត្តិ ហើយទង្វើនេះត្រូវក្រសួងអប់រំចាត់ទុកថាជាការប្រព្រឹត្តសកម្មភាពកម្រិតថ្នាក់ទី១។
ចំពោះសកម្មភាពកម្រិតថ្នាក់ទី២ក្រសួងអប់រំបញ្ជាក់ថា មានចំនួន១០ចំណុចរួមមាន ការដើរចុះឡើងពីកន្លែងអង្គុយដោយគ្មានការអនុញ្ញាតពីអនុរក្ស ហែកសន្លឹកកិច្ចការ ឬមិនព្រមប្រគល់សន្លឹកកិច្ចការជូនអនុរក្ស ផ្លាស់ទីកន្លែងអង្គុយដោយលុបលេខតុពីកន្លែងដែលបានកំណត់ទៅសរសេរលេខតុរបស់ខ្លួននៅកន្លែងផ្សេង ឱ្យសន្លឹកកិច្ចការ ឬសំណៅក្រដាសព្រាងរបស់ខ្លួនទៅអ្នកដទៃចម្លង ឱ្យអ្នកដទៃសរសេរលើសន្លឹកកិច្ចការរបស់ខ្លួន សរសេរលើសន្លឹកកិច្ចការរបស់អ្នកដទៃ បោះប្រធានវិញ្ញាសាប្រឡងចេញក្រៅបន្ទប់ប្រឡង ឬចេញទៅយកឯកសារ ឬចម្លើយពាក់ព័ន្ធទៅនឹងប្រធានវិញ្ញាសាចូលក្នុងបន្ទប់ប្រឡងវិញក្នុងពេលធ្វើវិញ្ញាសា បង្កជម្លោះក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងដោយគំរាមកំហែងលើបេក្ខជនដទៃ ដណ្តើមយកសន្លឹកកិច្ចការរបស់អ្នកដទៃធ្វើជាសន្លឹកកិច្ចការរបស់ខ្លួន ធ្វើមេខ្លោងប្រមូលលុយ ឬណែនាំឱ្យបេក្ខជនដទៃប្រមូលលុយឱ្យអនុរក្ស។
សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៨ និង០៩ ខែតុលា ឆ្នាំ២០២៤ ដែលមានបេក្ខជនចូលរួមប្រឡងសរុបជាង១៣ម៉ឺននាក់(១៣៧.០៤០នាក់) ក្នុងនោះស្រីមាន ៧៤.៨៨២នាក់។ ដោយបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន៣៩.៣៥៨ នាក់ (ស្រី ២៣.៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៩៧.៦៨២ នាក់ (ស្រី ៥១.១៦៧នាក់)។
ជាមួយគ្នានេះ ក្រសួងអប់រំកំណត់យកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ពេលរសៀលសម្រាប់ការប្រកាសលទ្ធផលប្រឡងនៅរាជធានីភ្នំពេញ ចំណែកខេត្តកណ្តាល និងខេត្តផ្សេងៗទៀតនៅទូទាំងប្រទេសនឹងប្រកាសនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤៕
អត្តបទ៖ សុភៈនារី
រូបភាព៖ ឯកសារ