គិតត្រឹមរសៀលម្សិលមិញ! ប្រជាពលរដ្ឋជាង៧០០នាក់ បានធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ ដោយឥតគិតថ្លៃ មកដល់ខេត្តស្វាយរៀង ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
ស្វាយរៀង៖ អ្នកដំណើរចំនួន៧២០នាក់ បានធ្វើដំណើរចេញពីរាជធានីភ្នំពេញ មកកាន់ខេត្តស្វាយរៀង តាមរយៈរថយន្តក្រុងសាធារណៈ ដោយឥតគិតថ្លៃ ដែលរៀបចំដោយរាជរដ្ឋាភិបាល ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដោយរថយន្តបានមកដល់ ចំណតរថយន្ត នៅខាងមុខសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ជាបន្តបន្ទាប់ នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។
លោក ខៀវ វីរ៉ា ប្រធានគោលដៅរថយន្តដឹកអ្នកដំណើរខេត្តស្វាយរៀង មានមានប្រសាសន៍ថា រាជរដ្ឋាភិបាលប្រកាសផ្តល់រថយន្តក្រុងដឹកពលរដ្ឋ ដោយមិនតម្រូវឱ្យបង់ថ្លៃ និងផ្តល់ភាពងាយស្រួល មិនចង្អៀត មិនធុញថប់ ហើយមានសុវត្ថិភាពទៀត។ ជាពិសេសអាចកាត់បន្ថយការចំណាយបានច្រើន ក្នុងធ្វើដំណើរទៅស្រុកកំណើតម្តងៗ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលបានមកដល់ស្រុកកំណើត នាពេលនេះ បានថ្លែងអំណគុណចំពោះរាជរដ្ឋាភិបាល ដែលបានគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយផ្តល់ជារថយន្តក្រុង ដឹកពលរដ្ឋទៅលេងស្រុកកំណើតជួបជុំគ្រួសារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ។
បើយោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តស្វាយរៀង បានបង្ហាញថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិត និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូន ក្រុមគ្រួសារពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រឡប់ទៅរាជធានីភ្នំពេញ រយៈពេល០៦ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា រហូតដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ដោយឥតបង់ថ្លៃ សម្រាប់ការធ្វើដំណើរតាមរថយន្តក្រុង ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ។
ទន្ទឹមនឹងនេះ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុង រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តចំនួន ២០គ្រឿង សម្រាប់បម្រើដល់ការដឹកជញ្ជូនពីរាជធានីភ្នំពេញ មកកាន់ខេត្តស្វាយរៀង និងការដឹកជញ្ជូនពីខេត្តស្វាយរៀង ត្រឡប់ទៅរាជធានីភ្នំពេញវិញ តាមពេលវេលា និងទីតាំងចំណតដូចជា៖ ចេញដំណើរពីរាជធានីភ្នំពេញមកខេត្តស្វាយរៀង គិតចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ ២០២៤ មកទីតាំងចំណតរថយន្តនៅខាងមុខ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងដឹកអ្នកដំណើរតាមគោលដៅ ដែលបានកំណត់ទាំង៨ក្រុងស្រុក នៃខេត្តស្វាយរៀង៕
អត្ថបទ៖មិន ភក្ដី