ព័ត៌មានជាតិ

ក្រសួងសាធារណការ ចាត់ទុកការចេញផ្សាយដោយវិទ្យុអាស៊ីសេរី ដែលថា «គម្រោងព្រែកជីកហ្វូណនតេជោ» តម្រូវឱ្យជម្លៀសប្រជាជនចេញពីលំនៅឋាន ដោយមិនទាន់ផ្តល់សំណង គឺជាព័ត៌មានគ្មានមូលដ្ឋាន និងបំភ្លៃការពិតទាំងស្រុង

image


ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសបដិសេធព័ត៌មានដែលចេញផ្សាយដោយវិទ្យុអាស៊ីសេរី និងពិនិត្យឃើញថា វិទ្យុនេះ កំពុងប្រើប្រាស់ និងផ្សព្វផ្សាយព័ត៌មានមិនពិត និងគ្មានមូលដ្ឋានច្បាស់លាស់ ក្នុងគោលបំណងបំភាន់ បំភ្លៃ បំផ្លើស បំពុល លាបពណ៌ និងញុះញង់ពាក់ព័ន្ធទៅនឹងកិច្ចដំណើរការសាងសង់ “ព្រែកជីកហ្វូណនតេជោ” ដែលមានខ្លឹមសារផ្ទុយពីការពិតទាំងស្រុង ហើយបាន និងកំពុងបន្តចែកចាយព័ត៌មានមិនពិតទាំងនោះក្នុងបណ្តាញសង្គមជាបន្តបន្ទាប់។


យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យឹងថា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ វិទ្យុអាស៊ីសេរីជាភាសាអង់គ្លេស បានចុះផ្សាយព័ត៌មានលើ គេហទំព័រ និងគណនីហ្វេសប៊ុករបស់ខ្លួន ដោយបានលើកឡើងថា «គម្រោងព្រែកជីកហ្វូណនតេជោ តម្រូវឱ្យជម្លៀសប្រជាជនចេញពីលំនៅឋានចំនួនប្រមាណ ១ម៉ឺនគ្រួសារ និងលេបយកដីស្រែចំការនៅតាមបណ្តោយ ព្រែកជីក ព្រមទាំងមិនទាន់បានសងសំណងច្បាស់លាស់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៅឡើយ»។


ពាក់ព័ន្ធនឹងការចេញផ្សាយព័ត៌មាននេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការបំភ្លឺជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ក្រុមការងារ បច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ចប់ការសិក្សាលម្អិត និងបានចុះធ្វើការវាយតម្លៃ យ៉ាងស៊ីជម្រៅអំពីផលប៉ះពាល់ជាក់ស្តែងនៃគម្រោងលើបងប្អូនប្រជាពលរដ្ឋ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា ហើយលទ្ធផលនៃការសិក្សាតាមបែបវិទ្យាសាស្ត្របានបង្ហាញថា ផលប៉ះពាល់លើលំនៅឋានរបស់ពលរដ្ឋសរុប មានចំនួន ២.៣០៥ខ្នងផ្ទះ/គ្រួសារ គិតជាផ្ទៃដីលំនៅឋានមានចំនួន ១៨០ហិកតា ហើយមានពលរដ្ឋដែលនឹង រងផលប៉ះពាល់សរុបចំនួន ១១.៥២៥នាក់។


ក្នុងចំណោមលំនៅឋានសរុប ២.៣០៥ខ្នងផ្ទះ គ្រួសារនេះ មានតែ ចំនួន ៤០០ខ្នងផ្ទះ/គ្រួសារ ដែលនឹងរងផលប៉ះពាល់ទាំងស្រុង រីឯចំនួន ១.៩០៥ខ្នងផ្ទះ/គ្រួសារដទៃទៀតនឹង រងផលប៉ះពាល់តែលើផ្នែកមួយចំនួននៃលំនៅឋាន ដូចជា របង ដំបូល ជញ្ជាំង អណ្តូងទឹក ឬជំរកសត្វចិញ្ចឹមជាដើម។ ក្រៅពីនេះ ផលប៉ះពាល់អាចមានលើដីកសិកម្មសរុប ៣.៤៦៩ហិកតា ដែលក្នុងនោះដីស្រែចំនួន ២.៧៧៥ហិកតា និងដីដំណាំចំនួន ៥៥៥ហិកតា និងទ្រព្យសម្បត្តិសាធារណៈចំនួន ៤៣កន្លែង រួមមាន អង់តែន កំណាត់ផ្លូវ បង្គោលភ្លើង និងដើមឈើចំនួន ១៤៩.១៦៣ដើម។


ទន្ទឹមនឹងនេះ ក្រុមការងារបច្ចេកទេសក៏បាន ធ្វើការសិក្សាលម្អិត និងវាយតម្លៃស៊ីជម្រៅបែបវិទ្យាសាស្ត្រលើផលប៉ះពាល់បរិស្ថាន និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ដោយលទ្ធផលបានបង្ហាញថា ពុំបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងប្រជាពលរដ្ឋដូចការ លើកឡើងមិនពិតម្តងហើយម្តងទៀតរបស់វិទ្យុអាស៊ីសេរីនោះឡើយ។


ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនសាធារណជនមេត្តាជ្រាបបន្ថែមថា ក្រុមការងារ បច្ចេកទេសរបស់ក្រសួង បាននិងកំពុងបន្តការសិក្សាលើជម្រើសមួយចំនួនបន្ថែមទៀត ដើម្បីឈានទៅកាត់បន្ថយ ផលប៉ះពាល់ជាអតិបរមាលើដី និងលំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ជាតិ។


ម្យ៉ាងវិញទៀត ក្រសួងសូមគូសបញ្ជាក់ថា មកដល់ពេលនេះរាជរដ្ឋាភិបាលកម្ពុជា មិនទាន់បានកាត់យកដី ឬបង្កកដីរបស់ ប្រជាពលរដ្ឋណាម្នាក់សម្រាប់កសាងគម្រោងនេះនៅឡើយនោះទេ ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិង កំពុងរៀបចំផែនការ និងនីតិវិធីលម្អិត ដើម្បីចុះធ្វើការវាយតម្លៃ និងដោះស្រាយផលប៉ះពាល់ជាក់ស្តែងតាមនីតិវិធី និងយន្តការដោះស្រាយផលប៉ះពាល់ជាមួយពលរដ្ឋ ស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន ដែលអាចធានា បានថាមិនមានប្រជាពលរដ្ឋដែលរងគ្រោះពិតប្រាកដណាម្នាក់ មិនបានទទួលសំណងពីការខូចខាតជាក់ស្តែង របស់ខ្លួននោះឡើយ៕