ព័ត៌មានជាតិ

រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា និងទូតចិន បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីទាក់ទាញទេសចរចិន មកលេងកម្សាន្តនៅកម្ពុជាច្រើនថែមទៀត ពិសេស ជំរុញក្រុមហ៊ុនអាកាសចរណ៍ចិនធំៗ បង្កើនជើងហោះហើរមកកម្ពុជា

image


ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានឯកភាពគ្នា លើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ដើម្បីទាក់ទាញទេសចរចិន មកលេងកម្សាន្តនៅកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត ពិសេសជំរុញក្រុមហ៊ុនអាកាសចរណ៍ចិនធំៗ បង្កើនជើងហោះហើរមកកម្ពុជា។


ការឯកភាពគ្នានេះ បានធ្វើឡើងក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ និងលោក Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំ ព្រះរាជាណាចក្រកម្ពុជា។


យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា ក្នុងជំនួបទ្វេភាគីរវាងលោករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត បានបញ្ចប់ដោយទទួលបានលទ្ធផលលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ដូចខាងក្រោម៖


១)- ស្ថានទូតចិន នឹងផ្តល់កិច្ចសហការល្អជាមួយក្រសួងទេសចរណ៍ ក្នុងការរៀបចំព្រឹត្តិការណ៍ធំៗ នៅក្នុង ក្របខ័ណ្ឌឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន រួមមាន៖ ពិព័រណ៍ម្ហូបអាហារ កម្ពុជា-ចិន (Cambodia- China Gastronomy Week) នាថ្ងៃទី២៦-២៧ ខែតុលា នៅខេត្តសៀមរាប, វេទិកាទេសចរណ៍ និងវប្បធម៌ព្រះពុទ្ធ សាសនា កម្ពុជា-ចិន នាថ្ងៃទី២៨-៣០ ខែតុលា នៅខេត្តសៀមរាប, ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ កម្ពុជា-ចិន (Cambodia-China Travel Mart) នៅថ្ងៃទី២០-២២ ខែវិច្ឆិកា ឆ្នាំ២០២៤, ព្រឹត្តិការណ៍ The 13th China Zhengzhou International Shaolin Wushu Festival នៅប្រទេសចិន។


២)- ស្ថានទូតចិន ឯកភាពជួយជំរុញការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងក្រសួងទេសចរណ៍កម្ពុជា និងក្រសួងវប្បធម៌ និងទេសចរណ៍ចិន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យទេសចរណ៍។


៣) - ស្ថានទូតចិន ឯកភាពសហការជួយជំរុញក្រុមហ៊ុនអាកាសចរណ៍ចិនធំៗ បង្កើនជើងហោះហើរត្រង់រវាងបណ្តាខេត្ត និងទីក្រុងធំៗ របស់ប្រទេសចិនមកប្រទេសកម្ពុជា ឱ្យមានចំនួនកាន់តែច្រើនឡើង និងទៀងទាត់ ដើម្បីងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាជនទាំងពីរប្រទេស និងអ្នកទេសចរផងដែរ។


៤)- ស្ថានទូតចិន ឯកភាពសហការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់កម្ពុជា ឱ្យបានទូលំទូលាយដល់ប្រជាជនចិន ព្រមទាំងជួយទប់ស្កាត់ និងលុបបំបាត់រាល់ព័ត៌មានក្លែងក្លាយ ដែលជះផលអវិជ្ជមានដល់ប្រទេសកម្ពុជា។


៥)- ស្ថានទូតចិនឯកភាពពង្រឹង និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ តាមរយៈការផ្តល់ការបណ្តុះបណ្តាលទាំងនៅក្នុងប្រទេសកម្ពុជា ឬ នៅប្រទេសចិន។


៦)- ភាគីទាំងពីរ ឯកភាពចាត់តាំងជនបង្គោល ដើម្បីតាមដានវឌ្ឍនភាពនៃកិច្ចពិភាក្សារវាងក្រសួង ទេសចរណ៍កម្ពុជា និងស្ថានទូតចិន ព្រមទាំងផ្នែកឯកជនចិន និងកម្ពុជាក្នុងវិស័យទេសចរណ៍។


៧)- ឯកភាពសហការរៀបចំកម្មវិធីបិទឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ដែលគ្រោង ប្រព្រឹត្តទៅនៅខែមករា ឆ្នាំ២០២៥ ខាងមុខ ព្រមទាំងមានគំនិតផ្តួចផ្តើមក្នុងការរៀបចំប្រធានបទថ្មីៗសម្រាប់ឆ្នាំ បន្តបន្ទាប់។


លោករដ្ឋមន្ត្រី បានថ្លែងកោតសរសើរចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី ទំនាក់ទំនងការទូតដែលមានរយៈពេល ៦៦ឆ្នាំ ជាមិត្តភាពដែកថែប និង «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដោយឈរលើគោលការណ៍សមធម៌ ការជឿទុកចិត្តគ្នា ការគោរពគ្នា ការយោគយល់គ្នា ការគោរពអធិបតេយ្យ និងឯករាជ្យភាព ដើម្បីផលប្រយោជន៍រួម។ ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ សំដៅសម្រេចបាននូវការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន កិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ មានការរីកចម្រើន និងល្អប្រសើរលើគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍ ដោយឆ្នាំ២០២៤ ជា ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន។


សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៣កន្លងទៅ កម្ពុជា ទទួលបានទេសចរអន្តរជាតិប្រមាណ ៥,៤៥ លាននាក់ ក្នុងនោះ ទេសចរជនជាតិចិន មានប្រមាណជាង ៥៤ម៉ឺននាក់។ នារយៈពេល ៨ខែ ដើមឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរអន្តរជាតិ ប្រមាណ ៤,២៩ លាននាក់ កើនឡើង ២២,៥% ក្នុងនោះទេសចរជនជាតិចិនមានប្រមាណជិត ៥៤ ម៉ឺននាក់ កើនឡើង ៤៧,៧%៕