ក្រសួងអប់រំ៖ គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅទូទាំងប្រទេស មិនមានរងបញ្ហាទឹកជំនន់ឡើយ ខណៈកម្ពុជាទទួលរងឥទ្ធិពលព្យុះជាបន្តបន្ទាប់
ភ្នំពេញ៖ លោកស្រី ឃួន វិច្ឆិកា មន្ត្រីនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ CNC ថា គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅទូទាំងប្រទេសមិនមានរងបញ្ហាទឹកជំនន់ឡើយ។ ប៉ុន្ដែចំពោះអនុវិទ្យាល័យសិរីមង្គល ស្ថិតនៅស្រុកកូនមុំ ខេត្តរតនគិរី ត្រូវបានមន្ត្រីនាំពាក្យក្រសួងអប់រំបញ្ជាក់ថា បានដំណើរការបង្រៀន និងរៀនឡើងវិញហើយ។
ខណៈមួយរយៈនេះប្រទេសកម្ពុជាបានទទួលរងឥទ្ធិពលព្យុះនានា ដែលបណ្ដាលឱ្យខេត្តមួយចំនួនរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។
តែទោះយ៉ាងក្ដី គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅទូទាំងប្រទេសមិនមានរងបញ្ហាទឹកជំនន់ឡើយ។ នេះជាបញ្ជាក់របស់លោកស្រី ឃួន វិច្ឆិកា មន្ត្រីនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។
មន្ត្រីនាំពាក្យរូបនេះ បានឱ្យដឹងដែរថា ចំពោះអនុវិទ្យាល័យសិរីមង្គល ស្ថិតនៅស្រុកកូនមុំ ខេត្តរតនគិរី បានដំណើរការបង្រៀន និងរៀនឡើងវិញហើយ។
ទាក់ទិននឹងបញ្ហាអាកាសធាតុវិញ ក្រសួងធនធានទឹក និងឧតុនិយម តែងតែជូនដំណឹងជាបន្តបន្ទាប់។
ជាក់ស្តែង នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤នេះ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ព្យុះទី១៧ឈ្មោះ ជីប៊ី (Jebi) និងព្យុះទី១៨ឈ្មោះ ក្រាតធន (Krathon) បានវិវត្តទៅជាព្យុះសង្ឃរា កើតនៅសមុទ្រចិនខាងត្បូង និងបន្តមានឥទ្ធិពលលើខ្យល់មូសុងនិរតី ដែលបក់លើ សមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ ខណៈសម្ពាធទាបនៅបន្តគ្របដណ្តប់លើភាគកណ្តាល នៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។
ស្របគ្នានេះ ក្រសួងធនធានទឹក បានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ នៅតំបន់វាលទំនាបមានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C។ ក្នុងនោះខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៤៥%។
ចំណែកនៅតំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C ដែលនឹងធ្វើឱ្យខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែកអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៣៥%។
រីឯនៅតំបន់មាត់សមុទ្រសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C ធ្វើឱ្យខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី១៥%។ រីឯរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,២៥ ម៉ែត្រ៕
អត្ថបទ៖ សុភៈនារី
រូបភាព៖ ឯកសារ