អាជីវករលក់គ្រឿងសមុទ្រខេត្តកំពត អះអាងថា ពួកគាត់នឹងមិនលក់ដំឡើងថ្លៃនោះទេ ទោះបុណ្យភ្ជុំមានភ្ញៀវទិញច្រើនក៏ដោយ
កំពត៖ អាជីវករលក់គ្រឿងសមុទ្រនៅផ្សារសាមគ្គីទីរួមខេត្តកំពតបានបញ្ជាក់ថា ទោះបីថ្ងៃបុណ្យភ្ជុំបិណ្ឌមានភ្ញៀវច្រើន លក់ដាច់ក៏ពិតមែន តែពួកគាត់មិនបានដំឡេីងថ្លៃនោះទេ ខណៈដែលអាជ្ញាធរក្រុងកំពត បានបញ្ជាក់ថា ការផ្តល់សេវាទេសចរណ៍ផ្សេងៗក្នុងក្រុង ពិសេសអាជីវករលក់ដូរគ្រឿងសមុទ្រតាមផ្សារនានា ស្តាប់តាមការណែនាំបានល្អ ដោយពួកគាត់បានរក្សាតម្លៃនៅធម្មតាដដែល។
អាជីវករលក់គ្រឿងសមុទ្រនៅផ្សារសាមគ្គីទីរួមខេត្តកំពត បានបញ្ចាក់ថា ថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ ការលក់ដូរដាច់ច្រើនជាងថ្ងៃធម្មតា ប៉ុន្តែពួកគាត់មិនបានដំឡេីងថ្លៃគ្រឿងសមុទ្រនោះទេ។ នៅកន្លែងគាត់ ធ្លាប់លក់នៅថ្ងៃធម្មតាតម្លៃប៉ុន្មាន ថ្ងៃបុណ្យភ្ជុំបិណ្ឌនៅរក្សាតម្លៃនោះដដែល ព្រោះពួកគាត់យល់ថា ពួគគាត់លក់រៀងរាល់ថ្ងៃ ត្រូវការឱ្យភ្ញៀវមកទិញជាប្រចាំ មិនមែនទិញម្តង រាងហើយបាត់មុខរហូតនោះទេ។
អភិបាលរងក្រុងកំពត លោក អែត សារិទ្ធ បានបញ្ជាក់ថា តាមការសង្កេត និងពិនិត្យជាក់ស្តែង និងតាមបទពិសោធន៍នាពេលកន្លងមក អាជីវករលក់ដូរក្នុងខេត្តកំពត គឺរក្សាបាននូវភាពស្មោះត្រង់ សេចក្តីថ្លៃថ្នូរ មិនដែលធ្វើឱ្យអតិថិជន ឬភ្ញៀវទេសចរណាម្នាក់ថ្នាំងថ្នាក់ចិត្តនោះទេ។ លោកអភិបាលរងខេត្ត ក៏បានកោតសរសើរចំពោះទឹកចិត្តរបស់អ្នកផ្តល់សេវាទេសចរណ៍ក្នុងខេត្តកំពត ទាំងម្ចាស់កន្លែងស្នាក់នៅ អាហារដ្ឋាន ភោជនីយដ្ឋាន និងបងប្អូនលក់ដូរតាមផ្សារនានា ដែលបានរក្សាតម្លៃថេរល្អ មិនថាថ្ងៃធម្មតា ឬថ្ងៃបុណ្យទានធំៗនោះឡើយ។
យ៉ាងណាក៏ដោយ លោកអភិបាលរងក្រុងកំពត ក៏បានធ្វើការស្នើសុំឱ្យបងប្អូនដែលប្រកបរបរលើវិស័យទេសចរណ៍ក្នុងក្រុងកំពត ក៏ដូចជាក្នុងខេត្តកំពតទាំងមូល សូមជួយពង្រឹងបន្ថែមនូវ គុណភាពសេវា ការបដិសណ្ឋាកិច្ចល្អ និងមានទំនួលខុសត្រូវលើការររៀបចំអនាម័យបរិស្ថាន សណ្តាប់ធ្នាប់សាធារណៈឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត៕
អត្ថបទៈ វង្ស សុធារម្យ