ព័ត៌មានជាតិ

ទីតាំងសំខាន់ៗចំនួន ៣ នៅលើផ្លូវជាតិលេខ ៤៨ ត្រូវបានជួសជុល និងកែលម្អ ដើម្បីផ្តល់ភាពងាយស្រួលដល់ពលរដ្ឋ ធ្វើដំណើរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ

image


ភ្នំពេញ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា ចំណោតតាប៉ន, ចំណុចបង្គោលអង់តែន ៣ដើម និងចំណោតហួសអាស្រមលោកយាយម៉ៅ នៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ត្រូវបានកៀរ ជួសជុល កែលម្អឱ្យកាន់តែងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ខណៈដែលការដ្ឋានកំពុងដំណើរការយ៉ាងមមារញឹក។


បើតាមលោក ផន រឹម បានឱ្យដឹងបន្ថែមថា មកទល់ពេលនេះ ភ្លៀងបានថមថយខ្លះហើយ ដែលអំណោយផលដល់ការដ្ឋានផ្លូវជាតិលេខ ៤៨ ពិសេសចំណោតប៉ុន្មានកន្លែង ដែលពិបាកក្នុងការធ្វើដំណើរ ជាពិសេសពេលភ្លៀងធ្លាក់ជោគជាំ។


លោក ផន រឹម ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ដងផ្លូវជាតិលេខ ៤៨(ស្រែអំបិល-កោះកុង) ជាពិសេសរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ សូមមានការប្រុងប្រយ័ត្នខ្ពស់ និងមេត្តាកុំដឹកធ្ងន់ពេក ដោយសារអំឡុងពេលនេះ ជារដូវវស្សា ផ្លូវរអិល ពិបាកធ្វើដំណើរ ជាពិសេសកន្លែងឡើងទួល និងចុះចំណោត។ ចំពោះរថយន្តឈ្នួល(TAXI) និងអ្នកធ្វើដំណើរផ្សេងទៀត ក៏ត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបានធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ។


លោក ផន រឹម ក៏បានសុំការយោគយល់ និងអធ្យាស្រ័យខ្ពស់ ពីសំណាក់ប្រជាពលរដ្ឋអ្នកធ្វើដំណើរ និងប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវដែលកំពុងសាងសង់ និងលើកកម្រិតគុណ ដោយមានកំណាត់ផ្លូវខ្លះ ត្រូវកែសម្រួលឱ្យកាន់តែប្រសើរឡើង និងមានសភាពបែកភក់ រអិលពិបាកធ្វើដំណើរ និងរំខានដល់ការរស់នៅ ប្រកបអាជីវកម្មប្រចាំថ្ងៃ ក្នុងដូវរវស្សាភ្លៀកធ្លាក់ជោគជាំនេះ ជាពិសេសនៅចំណុចចំណោតតាប៉ន ត្រង់គីឡូម៉ែតលេខ ១៤០ +៣០០-១៤០+៧០០ និងចំណុចបង្គោលអង់តែន៣ដើម ត្រង់គីឡូម៉ែត្រលេខ ១៣៧ -១៤០។


លោក ផន រឹម បញ្ជាក់បន្ថែមថា ក្រុមការងារការដ្ឋាន តែងអន្តរាគមន៍បន្ទាប់ និងដោះស្រាយជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបញ្ចៀសគ្រោះថ្នាក់ដោយប្រការយថាហេតុណាមួយពេលរអិលខ្លាំង។


គួរបញ្ជាក់ថា គិតត្រឹមដើមបំណាច់ខែកញ្ញា ឆ្នាំ២០២៤ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចវឌ្ឍនភាពបាន ៦៥,០៦%ហើយ។


បច្ចុប្បន្ននេះ ក្រុមការងារកំពុងដំណើរការយ៉ាងមមាញឹកលើការងារអ៊ុត AC និងការងារ Base Course ជាអតិប្បរមា ព្រមទាំងការងារ Structure ត្រូវអ៊ុត AC បញ្ចប់នៅរដូវប្រាំងឆ្នាំ២០២៥ខាងមុខនេះហើយ៕