ព័ត៌មានជាតិ

ប្រជាពលរដ្ឋបន្តនាំគ្នាធ្វើដំណើរចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅស្រុកកំណើតរៀងខ្លួន ដើម្បីជួបជុំគ្រួសារក្នុងពិធីបុណ្យភ្ជុំបិណ្ឌ

image


ភ្នំពេញ៖ ប្រជាពលរដ្ឋមួយចំនួននៅតែបន្តនាំគ្នាធ្វើដំណើរចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅស្រុកកំណើតរៀងៗខ្លួន ដើម្បីជួបជុំគ្រួសារក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ក្រោយពីបានឈប់សម្រាកពីការងារនោះ ក៏មានដំណើរកម្សាន្តតាមតំបន់រម្មណីយដ្ឋាននានា។


តាមច្រកសំខាន់នៃរាជធានីភ្នំពេញ យើងសង្កេតឃើញថា នៅមានឡាន ម៉ូតូ ជាហូរហែ បានបន្តគ្នាមិនដាច់ ចាកចេញពីរាជធានីភ្នំពេញ ដោយអ្នកខ្លះជិះមធ្យោបាយផ្ទាល់ខ្លួន និងរីឯអ្នកខ្លះទៀតក៏ជិះរថយន្តតាក់ស៊ី និងរថយន្តក្រុងជាដើម។ ចំណែក ស្ថានភាពចរាចរណ៍មិនមានការកកស្ទះនោះទេ ស្របពេលដែលការលក់ដូរនៅតាមហាង និងនៅតាមដងផ្លូវមួយចំនួនបានបិទទ្វារ ដោយសារពួកគាត់បានធ្វើដំណើរទៅលេងស្រុក និងនៅតាមរមណីយដ្ឋានផងដែរ។


បើតាមកញ្ញា សុខ លក្ខិណា ធ្វើដំណើរទៅកាន់ស្រុកកំណើតនៅខេត្តកំពង់ធំ បានបង្ហាញទឹកមុខរីករាយនៅពេលទៅស្រុកកំណើន ខណៈដែលកញ្ញាបានសំណូមពរឲ្យបងប្អូនធ្វើដំណើរមានសុវត្ថិភាព គឺបើស្រវឹងសូមកុំបើកបរ។ រីឯលោក សៅ សីហា ធ្វើដំណើរទៅកាន់ស្រុកកំណើតនៅខេត្តកោះកុង បានសំណូមពរពលរដ្ឋនៅពេលដំណើរត្រូវមានការយោគល់គ្នា និងចេះអធ្យាស្រ័យទៅវិញទៅមក ដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ។


ចំណែក លោក លី ឧត្តម ធ្វើដំណើរទៅកាន់ស្រុកកំណើតនៅក្រុងកំពង់សោម បានលើកឡើងថា នៅកន្លែងការងាររបស់លោក ថៅកែបានឲ្យឈប់សម្រាក់ចំនួន ៤ថ្ងៃ ដូច្នេះលោកមានអារម្មណ៍សប្បាយរីករាយនៅពេលដែលបានទៅលេងនៅឯស្រុកកំណើតរបស់ខ្លួន ដើម្បីជួបជុំបងប្អូនក្រុមគ្រួសារនៅរដូវភ្ជុំបិណ្ឌនេះ។


ព្រមជាមួយគ្នានោះដែរ ដើម្បីសម្រួលដល់ការចំណាយរបស់ពលរដ្ឋ, រាជរដ្ឋាភិបាល​ បានសម្រេចឱ្យបញ្ចេញរថយន្តក្រុងសាធារណៈរបស់រដ្ឋ ដឹកអ្នកដំណើរទៅស្រុកកំណើត ដោយមិនគិតថ្លៃផងដែរ។ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ៦៥៣គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដែលមានរយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ដោយជិះមិនបង់ប្រាក់ ទៅតាមបណ្ដាខេត្តនានា និងធ្វើដំណើរទៅលេងកម្សាន្តនៅតំបន់ភូមិភាគឦសាន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។


ការរៀបចំមធ្យោបាយធ្វើដំណើរនេះក្រោមការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គឺជាការយកចិត្តទុកដាក់ចំពោះពលរដ្ឋ និងកាត់បន្ថយការចំណាយរបស់ពលរដ្ឋ ជាពិសេសបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋក្នុងឱកាសបុណ្យទាន។


ក្នុងឱកាសពិធីបុណ្ឌភ្ជុំបិណ្ឌនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កើនកិច្ចការពារនូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋ និងទេសចរ ក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌ៕


អត្ថបទ៖​ ចេង​ ឆហួត​ រួបភាព៖​ អ៊ុន​ ផាន់ណាត់