សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំកម្មវិធីបង្ហាញវប្បធម៌ខ្មែរដ៏ធំមួយ នៅពីមុខព្រះបរមរាជវាំងនាថ្ងៃទី ៣១ ខែធ្នូខាងមុខ
ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែធ្នូឆ្នាំ ២០២៤ខាងមុខនេះ សហភាពសហព័ន្ធយុវជនកម្ពុជា ស.ស .យ.ក នឹងរៀបចំកម្មវិធីបង្ហាញវប្បធម៌ខ្មែរដ៏ធំមួយ នៅពីមុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់យុវជន ជាសមាជិក សមាជិកា ស.ស.យ.ក និងបងប្អូនប្រជាពលរដ្ឋ។នេះបើយោងតាមប្រសាសន៍លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានស.ស.យ.ក បញ្ជាក់ទៀតថា កម្មវិធីដែលគ្រោងរៀបចំនោះគឺក្នុងគោលបំណងប្រមូលផ្តុំស្មារតី នៃការជួបជុំរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដើម្បីបង្ហាញអំពីទំនៀមទម្លាប់ប្រពៃណីវប្បធម៌ ដូចទៅនឹងកម្មវិធីដែល ស.ស.យ.ក ធ្លាប់បានរៀបចំកន្លងមកអ៊ីចឹងដែរ។
តាមគម្រោងសម្រាប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤ នៅខាងមុខព្រះបរមរាជវាំង ស.ស.យ.ក. នឹងរៀបចំកម្មវិធីមួយដែលមិនធ្លាប់បានរៀបចំពីមុនមកសម្រាប់ខ្មែរទាំងអស់គ្នាចូលរួម នឹងមានលក្ខណៈខុសប្លែកពីកម្មវិធីមុនៗ។ ដោយលេចរូបរាងឡើង អមជាមួយវប្បធម៌ប្រពៃណី ខុស ប្លែក និងពិសេសពីកម្មវិធីដែល ស.ស. យ.ក ធ្លាប់រៀបចំកន្លងមក។
តើអ្វីទៅដែលជាផ្នែកនៃសង្គមជាតិរបស់យើង នៃប្រជាជាតិរបស់យើង នៃដូនតារបស់យើង និងភាពអស្ចារ្យនៃទំនៀមទម្លាប់ប្រពៃណីរបស់យើង? តើអ្វីទៅ ដែលនាំឱ្យយើង មានស្នាមញញឹម មានមោទកភាព ក្នុងនាមជាខ្មែរនេះ? “នេះជាអ្វីដែលសហភាពសហព័ន្ធយុវជនកម្ពុជាកំពុងតែខិតខំប្រឹងប្រែង និងរៀបចំនៅថ្ងៃទី៣១ ខែធ្នូខាងមុខនេះ”។
ជាមួយគ្នានោះដែរលោក ហ៊ុន ម៉ានី បានលើកទឹកចិត្តដល់យុវជន សាកល្បងបិទភ្នែកបន្តិចហើយសាកស្រមៃសួរខ្លួនឯងមួយសំណួរថា «ក្នុងនាមជាខ្មែរមួយរូប តើអ្វីដែលនាំមកនូវស្នាមញញឹម មោទនភាព និងក្តីស្រឡាញ់សម្រាប់កម្ពុជាជាទីស្រឡាញ់របស់យើង? ហើយក្នុងនាមយើងជាកូនខ្មែរ តើយើងអាចបង្ហាញក្តីស្រឡាញ់សម្រាប់កម្ពុជាដូចម្ដេចខ្លះ?»៕
ដោយ៖ វង សុភ័ក្ត្រ