អាជ្ញាធរក្រុងកំពត និងក្រុមហ៊ុនប្រមូលសំរាមប្តេជ្ញាថា ភ្ជុំបិណ្ឌនេះមិនឱ្យទេសចរឃើញសំរាមនៅលើដីឡើយ
កំពត៖ ថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែតុលា គេជឿជាក់ថា ខេត្តកំពតនឹងមានភ្ញៀវមកលេងកម្សាន្តច្រើនជាងឆ្នាំមុនៗ ហើយវត្តមានភ្ញៀវច្រើននឹងធ្វើឱ្យបរិមាណសំរាមមានការកើនឡើងផងដែរ។ ប៉ុន្តែបើតាមការអះអាងរបស់អាជ្ញាធរក្រុងកំពត និងក្រុមហ៊ុនប្រមូលសំរាម ថាមានផែនការរួចរាល់ក្នុងការប្រមូលសម្អាតសំរាមឱ្យស្អាត ពោលគឺមិនឱ្យទេសចរឃើញសំរាមទាំងនៅលើដី នឹងនៅក្នុងទឹកព្រែកនោះឡើយ។
អភិបាលរងក្រុងកំពត លោក អែត សារិទ្ធ បានប្រាប់ឱ្យដឹងថា ខេត្តកំពត ក្រោមការដឹកនាំរបស់លោក ម៉ៅ ធនិន អភិបាលខេត្ត បានខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការសម្អាតអនាម័យ បរិស្ថាន ពិសេសការកែលម្អសោភ័ណភាពក្រុង ដោយបង្កើតឱ្យមានសមិទ្ធផលទេសចរណ៍ដ៏ទាក់ទាញជាច្រើន។ ហើយនៅក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ភ្ញៀវទេសចរជាច្រើននឹងមកលេងខេត្តកំពត ដែលជាហេតុធ្វើបរិមាណសំរាមអាចមានការកើនឡើង ឬអាចរាយប៉ាយ ដែលទាមទាឱ្យអាជ្ញាធរ និងក្រុមហ៊ុនប្រមូលសំរាមត្រូវរៀបចំផែនការឱ្យច្បាស់លាស់ដើម្បីធ្វើឱ្យក្រុងស្អាត គ្មានសំរាមនៅលើដី និងក្នុងទឹកព្រែក។
នាយកក្រុមហ៊ុនប្រមូលសំរាម (កំពតហ្គ្រីន) លោក សួន សុភក្ត្រ បានប្រាប់ឱ្យដឹងថា រៀងរាល់ពិធីបុណ្យធំៗ បុគ្គលិក កម្មកររបស់ក្រុមហ៊ុនលោកតែងយោគយល់ដល់ក្រុមហ៊ុន ហើយមិនបានសុំច្បាប់សម្រាកទៅលេងស្រុកកំណើតនោះទេ ដោយពួកគាត់នៅចាំជួយប្រមូល និងសម្អាតសំរាមជាប្រចាំទាំងយប់ ពោលគឺភ្លឺឡើងក្រុងកំពតត្រូវតែស្អាត។
លោកបញ្ជក់ថា ក្រុមហ៊ុនកំពតហ្គ្រីន តែងតែខិតខំសម្អាតអនាម័យ ដើម្បីធ្វើយ៉ាងណាឱ្យខេត្តកំពតស័ក្តិសមនឹងគំនិតផ្តួចផ្តើមរបស់លោក ម៉ៅ ធនិន អភិបាលខេត្ត ដែលបានស្ថាបនាសមិទ្ធផលទេសចរណ៍នានាដើម្បីទាក់ទាញភ្ញៀវទេសចរ។
ទោះយ៉ាងណាក៏ដោយ អាជ្ញាធរ និងក្រុមហ៊ុនប្រមូលសំរាម ក៏បានធ្វើការអំពាវនាវដល់ពលរដ្ឋក្នុងក្រុង និងភ្ញៀវទេសចរដែលមកពីទីជិតឆ្ងាយ សូមមេត្តាជួយទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីឱ្យក្រុមហ៊ុនងាយស្រួលក្នុងការដើរប្រមូល និងដឹកជញ្ជូនសំរាមចេញ៕
អត្ថបទ៖ វង្ស សុធារម្យ