ក្រសួងពាណិជ្ជកម្ម នឹងរៀបចំព្រឹត្តិការណ៍អបអរសាទរខួបលើកទី២០ នៃការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោករបស់កម្ពុជា
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានជូនដំណឹងឱ្យដឹងថា ក្រសួងពាណិជ្ជកម្មនឹងរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយក្រោមចំណងជើងថា “អបអរសាទរខួបលើកទី២០ នៃការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោករបស់កម្ពុជា ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។
ពិធីនេះ នឹងមានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា តំណាងអង្គការពាណិជ្ជកម្ម ពិភពលោក តំណាងអង្គការអន្តរជាតិ និងស្ថានទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រមាណជាង ៤០០នាក់។
ព្រឹត្តិការណ៍នេះ មានគោលបំណងរំលឹកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការនាំកម្ពុជា ចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ បន្ទាប់ពីការខិតខំប្រឹងប្រែងចរចា ដ៏សកម្មរបស់ឥស្សរជនជាន់ខ្ពស់កម្ពុជា និងមន្ត្រីក្រសួង-ស្ថាប័នពាក់ព័ន្ធចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០។
ក្នុងឱកាសដ៏សំខាន់នេះ នឹងកត់សម្គាល់នូវការធ្វើសមាហរណកម្មទៅក្នុងប្រព័ន្ធពាណិជ្ជកម្មពិភពលោក ក្នុងរយៈពេលពីរទសវត្សរ៍ហើយ ឆ្លុះបញ្ចាំងពីសមិទ្ធផលសេដ្ឋកិច្ចសង្គម និងវឌ្ឍនភាពសំខាន់ៗដែលកម្ពុជាសម្រេចបានក្នុងរយៈពេល២០ឆ្នាំ ចុងក្រោយនេះ។
គួរបញ្ជាក់ថា អមជាមួយព្រឹត្តិការណ៍នេះ ក៏នឹងមានការតាំងពិព័រណ៍នូវផលិតផលសំខាន់ៗ រូបថតប្រវត្តិសាស្ត្រ និងសក្ខីកម្មផ្សេងទៀតបង្ហាញជូនដល់អ្នកចូលរួមផងដែរ៕
ដោយ៖ អៀវ ឈៀងនី