សង្គម

និស្សិតពេទ្យស្ម័គ្រចិត្តជិត ៤០០នាក់ បានចូលបំរើការងារជាក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដើម្បីចុះជួយពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ

image


ភ្នំពេញ៖ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល«ស.វ.ស» នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានរៀបចំពិធីសំណេះសំណាលជាមួយសមាជិកសមាជិកាក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដែលទើបជ្រើសរើសថ្មី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក និងនិស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ជិត៤០០នាក់។


ពិធីនេះ បានធ្វើឡើងក្រោមអធិបតីភាពលោក លេង ផាលី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី។


ក្នុងឱកាសនោះ លោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល ជាសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មានប្រសាសន៍ថាជាពិធីលើកទី៥ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ជិត៤០០នាក់របស់លោក ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។


គិតមកដល់ខែកញ្ញា ឆ្នាំ២០២៤ នេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានចូលរួមចំណែកផ្តល់សេវាអប់រំ ថែទាំ ព្យាបាលសុខភាពជូនប្រជាពលរដ្ឋដោយមិនគិតកម្រៃបានចំនួន១៦លើក ដោយមានប្រជាពលរដ្ឋមកទទួលសេវាសរុបចំនួន១៣៣,៦៥៥ នាក់ (ស្រ្តីចំនួន៨៦,១០០ នាក់) ។


ជាមួយគ្នានេះ លោក លេង ផាលី បានថ្លែងថាក្នុងនាមជានីតិបុគ្គលនៃក្រុមគ្រួសារ ស.ស.យ.ក. ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានចូលរួមចំណែកក្នុងចលនារួមរបស់សង្គមជាតិ ដោយរួបរួមជាមួយសកម្មភាពសង្គមរបស់ ស.ស.យ.ក. បន្ថែមទៀត។


តាមរយៈការលះបង់នេះ បានសរបញ្ជាក់ពីស្មារតី ២ធ្នូ ដោយសមាជិក សមាជិកា ស.ស.យ.ក. សមាជិក សមាជិកា ក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោកហ៊ុន ម៉ានី មកពីប្រភពមានតួនាទី និងមុខងារផ្សេងៗ មករួមគ្នា ដាក់ផលប្រយោជន៍ផ្ទាល់ខ្លួនដោយឡែក មកធ្វើការងារជាក្រុម ដើម្បីសម្រេចគោលដៅរួមមួយសម្រាប់ប្រទេសជាតិ និងផ្តល់ជាគម្រូដល់សង្គមជាតិ។


គួរជម្រាបថា មន្រ្តី បុគ្គលិក និស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សរុបចំនួន ២,៣៤៨ នាក់ (ស្រ្តីចំនួន១៥៥៩ នាក់) ដែលក្នុងនោះសមាជិកជាមន្រ្តីរាជការ បុគ្គលិក ចំនួន ៨២ នាក់ (ស្រ្តីចំនួន៣៤ នាក់) និង និស្សិតចំនួន ២,២៦៦ នាក់ (ស្រ្តីចំនួន១៥២៥ នាក់) បានចូលរួមដោយស្ម័គ្រចិត្តជាសមាជិក ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី៕


ដោយ៖ គង់ វណ្ណៈ