សង្គម

លោក លី ធុជ នឹងចូលរួមកិច្ចប្រជុំពាក់ព័ន្ធមួយចំនួននៃការអនុវត្តអនុសញ្ញាអូតាវ៉ានៅទីក្រុងញូយ៉ក ទីក្រុងហ្សឺណែវ និងទីក្រុឡូសាន ពីថ្ងៃទី០៤-២០ ខែតុលាខាងមុខ

image


អត្ថបទ៖ សុភៈនារី
រូបភាព៖ ផេកក្រសួង


ភ្នំពេញ៖ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បានឲ្យដឹងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ថា តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាជ្ញាធរមីន លោក លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន នឹងដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំពាក់ព័ន្ធមួយចំនួននៃការអនុវត្តអនុសញ្ញាអូតាវ៉ា នៅទីក្រុងញូយ៉ក សហរដ្ឋអាម៉េរិក និងនៅទីក្រុងហ្សឺណែវ ក៏ដូចជានៅទីក្រុងឡូសាន ប្រទេសស្វីស ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។


បើតាមសេចក្តីប្រកាសព័ត៌មាន ពីថ្ងៃទី០៤ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ លោក លី ធុជ និងគណៈប្រតិភូកម្ពុជា នឹងប្រជុំនៅទីក្រុងញូយ៉ក សហរដ្ឋអាម៉េរិក។ ដោយនៅថ្ងៃនោះ កម្ពុជា រួមជាមួយអាល្លឺម៉ង់ ប្រធានអនុសញ្ញាឆ្នាំ២០២៣ និងជប៉ុន ប្រធានអនុសញ្ញាឆ្នាំ២០២៥ រួមគ្នានាំយកសេចក្តីសម្រេច (UN Resolution) ស្តីពីការអនុវត្តអនុសញ្ញាអូតាវ៉ាដាក់ជូនអង្គការសហប្រជាជាតិដើម្បីពិនិត្យ និងអនុម័តនៅក្នុងមហាសន្និបាតអង្គសហប្រជាជាតិលើកទី៧៩។

កៀរគរការគាំទ្រពីរដ្ឋភាគី រដ្ឋមិនមែនភាគី និងអង្គការអន្តរជាតិ ដើម្បីបោះឆ្នោតគាំទ្រសេចក្តីសម្រេចស្តីពីការអនុវត្តអនុសញ្ញា។ ជួបប្រជុំទ្វេភាគី ពហុភាគី និងរៀបចំព្រឹត្តិការណ៍អមដើម្បីកៀរគរការគាំទ្រការអនុវត្តអនុសញ្ញាសកម្មភាពមីនសកល និងជំនួយជនរងគ្រោះដោយសារមីន។ ចូលរួមកិច្ចប្រជុំគណៈកម្មការរំសាយសព្វាវុធ និងសន្តិសុខអន្តរជាតិនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩។


សម្រាប់នៅថ្ងៃទី១៣ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ លោកទេសរដ្ឋមន្ត្រី លី ធុជ នឹងចូលរួមកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ និងទីក្រុងឡូសាន ប្រទេសស្វីស។ នាថ្ងៃនោះ លោក លី ធុជ នឹងចូលរួមកិច្ចប្រជុំសហភាពអន្តរសភា (IPU) និងជួបប្រជុំជាមួយប្រធាន IPU ដើម្បីជំរុញលើកទឹកចិត្តរដ្ឋមិនមែនភាគីដែលជាតំណាងសមាជិក IPU ឱ្យចូលរួមជារដ្ឋភាគីនៃអនុសញ្ញា។ ចូលរួមក្នុងនាមកម្ពុជាជាប្រទេសដែលមានបទពិសោធខ្ពស់ក្នុងការងារបោសសម្អាតមីន និងជាអនុប្រធានអនុសញ្ញាអូតាវ៉ា ធ្វើជាវាគ្មិនចែករំលែកបទពិសោធកម្ពុជា នៅក្នុងសន្និសីទសកម្មភាពមីអ៊ុយក្រែន នៅទីក្រុងឡូសាន ដែលក្នុងនោះមានវាគ្មិនសំខាន់ៗដូចជា ឧបនាយរដ្ឋមន្ត្រីទី១ នៃប្រទេសអ៊ុយក្រែន រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃប្រទេសក្រូអាត និងឧបការីស្តីទីរដ្ឋមន្ត្រីសម្រាប់ការិយាល័យកិច្ចការយោធានយោបាយនៃសហរដ្ឋអាម៉េរិក និងនាយកGICHDជាដើម។


ក្រៅពីនេះ លោកទេសរដ្ឋមន្ត្រី លី ធុជ ក៏នឹងជួបពិភាក្សាការងារជាមួយក្រុមការងារអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា(ISU) និងគណៈកម្មការនានារបស់អនុសញ្ញាអូតាវ៉ា ដើម្បីពិនិត្យលើវឌ្ឍនភាពការងារក្នុងនាមជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពុលសៀមរាប-អង្គរ៕