ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយនាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន និងប្តេជ្ញា​​​ ​បន្តពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​លើគ្រប់វិស័យរវាងទ្វេភាគី​

image


អត្ថបទ៖ ឆាយ សុភៈនារី
រូបភាព៖ ឯកសារ និងសេចក្ដីប្រកាស
​ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ​ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតចូលរួមអបអរសាទរជូនដល់ លោក Shigeru Ishiba ដែលទើបជាប់ឆ្នោតជាប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) របស់ជប៉ុន កាលពីពេលថ្មីៗនេះ។
តាមរយៈសារលិខិតអបអរសាទរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា ​ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងក្នុងនាមខ្លួនសម្ដេចផ្ទាល់ សម្ដេចសូមចូលរួមអបអរសាទរដោយក្តីសោមនស្សរីករាយ និងដោយស្មោះអស់ពីដួងចិត្តជូនចំពោះលោក ដែលបានជាប់ឆ្នោតជាប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) កាលពីពេលថ្មីៗនេះ។
ជោគជ័យរបស់លោក គឺជាសក្ខីភាពនៃសមត្ថភាពដឹកនាំពិសេស ជាពិសេសក្នុងពេលមានបញ្ហាប្រឈម និងការលះបង់ដ៏ធំធេងចំពោះមាតុភូមិ និងប្រជាជនរបស់លោក។ នេះជាការថ្លែងបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន។
ជាមួយគ្នានេះ សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់លោក គណបក្សប្រជាធិបតេយ្យសេរី នឹងបន្តពង្រឹង រីកចម្រើនលូតលាស់ និងជម្នះរាល់បញ្ហាប្រឈម និងឧបសគ្គនានារបស់ប្រទេសជប៉ុន សម្រាប់ផលប្រយោជន៍របស់ប្រជាជនជប៉ុន។ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាប្រវត្តិសាស្ត្រយូរអង្វែងរវាងប្រទេសយើងទាំងពីរ នឹងត្រូវបានបន្តពង្រឹងនិងពង្រីកបន្ថែមទៀត ដោយផ្អែកលើស្មារតីនៃការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្តគ្នា និងការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សន្តិភាព និងវិបុលភាពនៅក្នុងប្រជាជាតិយើងទាំងពីរ និងតំបន់ ជាពិសេសតាមរយៈក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនៃគណបក្សយើងទាំងពីរ»។
ទន្ទឹងនឹងនេះដែរ សម្ដេចតេជោ ហ៊ុន សែន មានជំនឿយ៉ាងមុតមាំថា ក្នុងតួនាទីថ្មីជានាយករដ្ឋមន្ត្រីជប៉ុន លោក នឹងបន្តពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់យើងលើគ្រប់វិស័យរវាងកម្ពុជានិងជប៉ុន។ សម្ដេចទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក និងគណបក្សរបស់លោក ដើម្បីពង្រឹងបន្ថែមទៀតនូវភាពជាដៃគូ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេស និងគណបក្សយើងទាំងពីរដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន និងប្រទេសយើងទាំងពីរ៕