មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ ចុះពន្យល់ អប់រំណែនាំ ស្ដីពីច្បាប់ ចរាចរណ៍ផ្លូវគោក ដល់អ្នកបើកបរ

បន្ទាយមានជ័យ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ សហការជាមួយសមត្ថកិច្ចចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្ត នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានចុះធ្វើការផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសនៅពេលជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាព ចំណែកបើកបររថយន្តត្រូវពាក់ខ្សែក្រវាត់ ហើយការបើកបរទៀតសោធត្រូវមានចិត្តអត់ធ្មត់អធ្យាស្រ័យគ្នាទៅវិញទៅមក។
លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានកត់សម្គាល់ថា អ្នកបើកបរម៉ូតូងាយរងគ្រោះថ្នាក់ជាងអ្នកបើកបររថយន្ត ហេតុនេះហើយការប៉ះទង្គិចម្ដងៗ ឱកាសនៃអ្នករបួស និងអ្នកស្លាប់ ដោយអ្នកបើកបរម៉ូតូមានច្រើនជាងអ្នកបើកបររថយន្ត។ ដូច្នេះសម្រាប់អ្នកបើកបរម៉ូតូ ការពាក់មួកសុវត្ថិភាពគឺសំខាន់ខ្លាំងណាស់ «មួកសុវត្ថិភាពមួយ ជួយការពារជីវិតបានម្នាក់នេះ»។
លោកបានបញ្ជាក់ថា ការចេះយោគយល់ពីច្បាប់ចរាចរណ៍គឺជាកត្តាចម្បង ក៏ប៉ុន្តែកត្តាដែលសំខាន់នោះ គឺពេលបើកបរលោកអ្នកត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច កុំបើកបរហួសល្បឿនកំណត់ កុំបើកបរពេលកំពុងស្រវឹង មានសុជីវធម៌ អធ្យាស្រ័យ ចំពោះអ្នកបើកបរ ឬប្រើប្រាស់ផ្លូវដូចគ្នា សូមចាំថាការប្រមាថក្នុងការបើកបរ គឺជាការប្រមាថដល់អាយុជីវិតរបស់ខ្លួនឯង ក៏ដូចជា អ្នកដទៃ។
លោកបានបន្ថែមទៀថា ក្នុងការចុះផ្សព្វផ្សាយនេះដែរ មន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូន ក៏បានធ្វើការចែកជូននូវខិត្តប័ណ្ណ សៀវភៅស្តីពីច្បាប់ចរាចរណ៍ បិទចំណាំងប្លាត សួរសំណួរចម្លើយដល់អ្នកបើកបរម៉ូតូ ដែលពុំបានពាក់មួកសុវត្ថិភាព និងបានធ្វើការចែកជូនមួកសុវត្ថិភាពផងដែរ។
សូមបញ្ជាក់ថា តាមការអង្កេតរបស់មន្ត្រីជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ និងនគរបាលចរាចរណ៍ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្នុងរយៈពេលមួយព្រឹកនេះជាលទ្ធផលអ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាពមានប្រមាណជាង ៣៥%៕
អត្ថបទ៖ ជា ថន









