សន្តិសុខសង្គម

ករណីបុករះស្លាប់មនុស្ស៤នាក់​ នៅក្រោមស្ពានអាកាសឫស្សីកែវ តុលាការផ្តន្ទាទោសអ្នកបេីកបរដាក់ពន្ធនាគារ​ ៥ឆ្នាំ

image


ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ​ បានបើកសវនាការដើម្បីប្រកាសសាលក្រមលើសំណុំរឿង លោក នាង សំអូន ដែលបើករថយន្ត Ford Ranger ទាំងស្រវឹងបុករះស្លាប់មនុស្សប្រុស-ស្រី៤ភ្លាមៗ នៅក្រោមស្ពានអាកាសឫស្សីកែវ​ ក្នុងរាជធានីភ្នំពេញ​ ដោយសម្រេចដាក់ពន្ធនាគារចំនួន​ ៥ឆ្នាំ និងពិន័យមិនឱ្យបើកបរ៥ឆ្នាំ។​ នេះបេីយោងតាមសាលក្រមដែលចេញដោយ​ លោកស្រី យី សុខវួច ប្រធានក្រុមប្រឹក្សារជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ​ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។


សូមរម្លឹកថា កាលពីវេលាម៉ោង​ ៦:៤០នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ នៅចំណុចក្រោមស្ពានអាកាសឫស្សីកែវ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ​ មានករណីបុករះដោយរថយន្ដ Ford Ranger បណ្តាលឱ្យមនុស្សប្រុសស្រី​ ៤នាក់​ បានបាត់បង់អាយុជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងបួននាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្ដសង្គ្រោះ ដឹកយកទៅសង្គ្រោះភា្លមៗនៅឯមន្ទីពេទ្យ។


ក្នុងករណីនេះ​ នៅមុនកើតហេតុគេឃើញចរាចរណ៍ដ៏មមាញឹក នៅចំណុចស្ដុបក្រោមស្ពានអាកាសឫស្សីកែវ ដោយមានអ្នកដំណើរដោយរថយន្ដនឹងម៉ូតូជាច្រើនគ្រឿងឈប់ចាំស្ដុប ស្រាប់តែមានបុរសម្នាក់បើករថយន្ដ Ford Ranger មួយគ្រឿង​ ពណ៍ស ពាក់ស្លាកលេខ​ ភ្នំពេញ 2AZ-5854 ធ្វើដំណើរចុះពីស្ពានឫស្សីកែវ ក្នុងទិសដៅពីកើតមកលិច ដោយល្បឿនលឿន មកបុករះក្បាលនាគពុះចែកទ្រូងស្ពាន ម៉ូតូ៤គ្រឿងនឹងរថយន្ដចំនួន២គ្រឿង បណ្ដាលឱ្យរងការខូចខាត គៀបជាប់ក្រោមរថយន្ដ រាយប៉ាយពេញផ្លូវ។ រីឯអ្នកជិះលើម៉ូតូបានបាត់បង់ជីវិត៤នាក់(ស្រី៣នាក់) និងរងរបួសធ្ងន់ស្រាលចំនួន៤នាក់ ត្រូវបានរថយន្ដសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗ នៅមន្ទីពេទ្យកាល់ម៉ែត៕