សង្គម

រយៈ៣ថ្ងៃ ក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) បានធ្វើការផាកពិន័យយានយន្តហួសសុពលភាព ចំនួន ៤៩គ្រឿង នៅខេត្តកោះកុង

image


កោះកុង៖ ត្រឹមរយៈ៣ថ្ងៃមកនេះ ការិយាល័យសុវត្ថិភាពចរាចរណ៍ នៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកោះកុង រួមសហការជាមួយក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក) របស់ក្រុមហ៊ុន HK Car Inspection បានត្រួតពិនិត្យយានយន្តរថយន្តតូចធំចំនួន ៧២គ្រឿង និងបានធ្វើការផាកពិន័យលើយានយន្តហួសសុពលភាពចំនួន ៤៩គ្រឿងនៅនឹងកន្លែង។


ការផាកពិន័យលើយានយន្តហួសសុពលភាពចំនួន ៤៩គ្រឿងនៅនឹងកន្លែង នាពេលនេះ ធ្វើឡើងបន្ទាប់ពីក្រសួង ក៏ដូចជាមន្ទីរសាធារណការ និងដឹកជញ្ជូនបានចេញសេចក្តីជូនដំណឹង រយៈពេលមួយខែមុន ការចុះអនុវត្តការងារបច្ចរកទេស។


កាលពីថ្ងៃទី០១ កញ្ញា ២០២៤ ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងថា កាលវិភាគត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ចល័តតាមបណ្តាខេត្ត នឹងចុះធ្វើនៅខេត្តត្បូងឃ្មុំ ឧត្តរមានជ័យ ពោធិ៍សាត់ និងខេត្តកោះកុង ចាប់ពីថ្ងៃទី ១៦ -២០ កញ្ញា ២០២៤។


បើតាមរបាយការណ៍មន្ត្រីជំនាញការិយាល័យសុវត្ថិភាពចរាចរណ៍ នៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនចេត្តកោះកុង បង្ហាញថា ចំនួនរថយន្តដឹកទំនិញជាលក្ខណៈគ្រួសារ និងរថយន្តទេសចរណ៍គ្រួសារ បានចូលមកត្រួតពិនិត្យបច្ចេកទេសហាក់មានចំនួនច្រើនជាង ប្រភេទរថយន្តផ្សេងៗទៀត។

លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកោះកុង បានឲ្យដឹងនៅថ្ងៃនេះថា រយៈពេល០៣ថ្ងៃមកនេះ ឃើញថា ហាក់ពុំសូវមានម្ចាស់យានយន្ត មកទទួលសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះរបស់ខ្លួនប៉ុន្មាននោះទេ ខណៈស្ថានភាពធាតុអាកាសពោរពេញដោយភ្លៀងរលឹមជាប់ៗគ្នារាល់ថ្ងៃ។


ទន្ទឹមនេះ លោកប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកោះកុង នៅតែទទូចឲ្យម្ចាស់យានយន្តទាំងអស់ ប្រញាប់រួសរាន់នាំយានជំនិះរបស់ខ្លួនមក ត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឲ្យទាន់តាមកាលបរិច្ឆេទ ហើយសូមកុំចៀសវាងគេចវេស រហូតដល់ផុតសុពលភាព ដែលនាំឲ្យរងការផាកពិន័យធ្ងន់ធ្ងរ ពីសមត្ថកិច្ចជំនាញចុះឆ្មក់ត្រួតពិនិត្យចៀសពុំរួចឡើយ ជាក់ស្តែងក្នុងរយៈពេល០៣ ថ្ងៃមកនេះ មានរថយន្តជាច្រើនគ្រឿងហើយ ត្រូវរងការផាកពិន័យ៕
អត្ថបទ៖ តាំង សុន្នី