កម្ពុជា កំណត់គោលដៅជំរុញឱ្យមានការប្រើប្រាស់រថយន្តអគ្គិសនីឲ្យបាន ៤០% និងទោចក្រយានយន្តអគ្គិសនី ៧០% នៅត្រឹមឆ្នាំ ២០៥០
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ក្រសួង បាន និងកំពុងកំណត់ទិដៅសម្រេចឲ្យបាននូវការប្រើប្រាស់រថយន្តអគ្គិសនីក្នុងអត្រា ៤០% និងទោចក្រយានយន្តអគ្គិសនីក្នុងអត្រា ៧០% នៅត្រឹមឆ្នាំ ២០៥០ ដោយស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹត្យកាបូនរបស់រាជរដ្ឋាភិបាល ខណៈការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី គឺជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយផលប៉ះពាល់ ដែលបង្កឡើងដោយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត (CO2) ចេញពីយានយន្តប្រភេទប្រេងឥន្ធនៈ ។
ការលើកឡើងឲ្យដឹងបែបនេះរបស់លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នាទីស្តីការក្រសួងសាធារណការ និង ដឹកជញ្ជូន។
លោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា បន្តថា យានយន្ត គឺជាមធ្យោបាយចម្បងសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃ និងការដឹកជញ្ជូនអ្នកដំណើរ និងទំនិញនៅទូទាំងប្រទេស ហើយនាពេលបច្ចុប្បន្នអត្រានៃការប្រើប្រាស់យានយន្តនៅកម្ពុជាឃើញថា មានការកើនឡើងយ៉ាងខ្លាំង ជាពិសេសទោចក្រយានយន្ត និងរថយន្ត។ ក្នុងចំណោមយានយន្តសរុបជាង ៧,៥លានគ្រឿង មានទោចក្រយានយន្តប្រមាណ ៨៥% រថយន្តប្រើប្រាស់ប្រេងឥន្ធនៈធុនស្រាល ដែលជាប្រភេទរថយន្តទេសចរណ៍មានប្រមាណ ១០% និងរថយន្តប្រើប្រាស់ប្រើប្រាស់ឥន្ធនៈធុនធ្ងន់ ដែលជាប្រភេទរថយន្តដឹកទំនិញនិងគ្រឿងចក្រមានប្រមាណ ៥%។
លោករដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា ការបង្កើនការប្រើប្រាស់យានយន្តអគ្គិសនី នឹងកាត់បន្ថយការបញ្ចេញឧស្ម័នពុលក្នុងសកលលោកប្រមាណពាក់កណ្តាលនៅឆ្នាំ២០៥០ ធៀបនឹងបច្ចុប្បន្ន និងកាត់បន្ថយការស្លាប់មុនអាយុពីប្រមាណ ៥,៤លាននាក់ នៅឆ្នាំ ២០២០ មកត្រឹមប្រមាណ ២,៨លាននាក់ នៅឆ្នាំ ២០៥០។
ទោះបីជាមានកំណើនយ៉ាងឆាប់រហ័សនៃការប្រើប្រាស់ យានយន្តអគ្គិសនីក៏ពិតមែន ក៏វិស័យយានយន្តអគ្គិសនីនេះចាំបាច់ណាស់ ត្រូវទាមទារនូវការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធបន្ថែមទៀត និងការដាក់ចេញនូវគោលនយោបាយជាក់លាក់ ដោយផ្តោតសំខាន់លើការលើកទឹកចិត្តដល់អ្នកប្រើប្រាស់ និងវិនិយោគិន ដើម្បីជំរុញសន្ទុះនៃការប្រើប្រាស់ និងបង្កើនការវិនិយោគលើវិស័យយានយន្តអគ្គិសនី ដោយឈរលើមូលដ្ឋានចីរភាពនៃហិរញ្ញវត្ថុសាធារណៈ និងការរក្សាបានលំនឹងតុល្យភាពថវិកា។
យោងតាមទិន្នន័យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គិតត្រឹមខែសីហា ឆ្នាំ២០២៤ យានយន្តដែលបានចុះបញ្ជីមានចំនួនសរុបចំនួន ៧,៥៤លានគ្រឿង ក្នុងនោះទោចក្រយានយន្ត និងត្រីចក្រយានយន្តមានចំនួន ៦,៤០លានគ្រឿង, រថយន្តធុនស្រាល មានចំនួនជាង ៨៣ម៉ឺនគ្រឿង និងរថយន្តធុនធ្ងន់ មានចំនួនជិត ៣០ម៉ឺនគ្រឿង។ ក្នុងនោះផងដែរ មានយានយន្តអគ្គិសនីសរុប ៣.៦៧៦គ្រឿង ហើយក្នុងនោះរថយន្តមានចំនួន ២.១០៩គ្រឿង ត្រីចក្រយានយន្ត ចំនួន ៤៤៥គ្រឿង និងទោចក្រយានយន្តចំនួន ១.១២២គ្រឿង។ ចំណែកទីតាំងបញ្ចូលថាមពលអគ្គិសនីនៅទូទាំងប្រទេសមានចំនួន ២១កន្លែង ដែលមានទូរបញ្ចូលថាមពលយានយន្តអគ្គិសនីលឿនខ្លាំងសរុបចំនួន ២៧ទូរ៕
អត្ថបទ៖ ចេង ឆហួត
រូបភាព៖ កែវ សារិទ្ធ