សន្តិសុខសង្គម

អភិបាលខេត្តស្ទឹងត្រែង ចុះដឹកនាំកម្លាំងអាវុធហត្ថដោយផ្ទាល់ បង្ក្រាបក្មេងទំនើង និងប្រើប្រាស់ជួញដូរគ្រឿងញៀន ដោយមិនញញើត និងកន្លែងរកសុីបញ្ចាំម៉ូតូខុសច្បាប់

image


ខេត្តស្ទឹងត្រែង៖ អភិបាលខេត្តស្ទឹងត្រែងលោក សរ សុពុត្រា បានដឹកនាំកម្លាំងអាវុធហត្ថដោយផ្ទាល់ ក្រោមកិច្ចសម្របសម្រួលពីតំណាងអយ្យការ ចុះបង្ក្រាបករណីជួញដូរ ប្រើប្រាស់គ្រឿងញៀន ក្រុមក្មេងទំនើង និងកន្លែងរកសុីបញ្ចាំម៉ូតូខុសច្បាប់ នៅភូមិរាជានុកូល ក្រុងស្ទឹងត្រែង។ នេះបើតាមលោកឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានថ្លែងប្រាប់ CNCនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤នេះ។


លោកឧត្តមសេនីយ៍មេបញ្ជា បានបន្តថា នៅរសៀលថ្ងៃទី១៤ម្សិលមិញ លោកអភិបាលខេត្តស្ទឹងត្រែង សរ សុពុត្រា បានចុះដឹកនាំកម្លាំងអាវុធហត្ថដោយផ្ទាល់ ក្រោមកិច្ចសម្របសម្រួលពីព្រះរាជអាជ្ញា ចុះបង្ក្រាបករណីជួញដូរ ប្រើប្រាស់គ្រឿងញៀន ក្រុមក្មេងទំនើង កន្លែងរកសុីបញ្ចាំម៉ូតូខុសច្បាប់ ដោយឃាត់ខ្លួនបានជនសង្ស័យបានចំនួន ៥នាក់ ថ្នាំញៀន ១៧កញ្ចប់តូច និងម៉ូតូចំនួន ៩គ្រឿង ដែលគេយកមកបញ្ចាំ។


លោកឧត្តមសេនីយ៍ត្រី សេង សុភាព បានបញ្ជាក់បន្ថែមថា ចំពោះម៉ូតូ ដែលត្រូវបានយកទៅបញ្ចាំទាំងអស់នោះ ប្រសិនបើម្ចាស់មានឯកសារគ្រប់គ្រាន់ សូមមកទទួលយកម៉ូតូវិញនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។


ចំពោះការចុះបង្ក្រាបបទល្មើសការជួញដូរ ប្រើប្រាស់គ្រឿងញៀន ក្រុមក្មេងទំនើង និងកន្លែងរកសុីបញ្ចាំម៉ូតូខុសច្បាប់ គឺជាករណីដែលគេកម្របានឃើញបំផុត ដែលដឹកនាំបង្ក្រាបផ្ទាល់ ដោយអភិបាលខេត្តបែបនេះ ក្នុងពេលមុនៗកន្លងមក ហើយនេះជាលើកទីមួយ ដែលលោកសរ សុពុត្រា ក្នុងតំណែងជាអភិបាលខេត្ត បានចុះបង្ក្រាបដោយមិនញញើត៕


ដោយ៖ ម៉ាក់ មេត្តា