សង្គម

នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី៖ យុទ្ធនាការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក មានគោលបំណងលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

image


រតនគិរី ៖ លោក ឌឹម ណាត នាយកសាខាកាកបាទក្រហមខេត្តរតនគិរី បានលើកឡើងថា យុទ្ធនាការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោកមានគោលបំណងលើកកម្ពស់សុវត្ថិភាពចរាចរណ៍ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវនានា។ ការលើកឡើងរបស់នាយក សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី គឺបានលើកឡើង ក្នុងឱកាសដែល លោកដឹកនាំ សាខាកាកបាទក្រហមកម្ពុជាខេត្ត សហការជាមួយ លេខាធិការដ្ឋាន សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត អជ្ញាធរស្រុក ចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅស្រុកកូនមុំ ព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ នេះ។

លោក ឌឹម ណាត បានលើកឡើងថា យុទ្ធនាការ ធ្វើឡើងក្នុងគោលដៅចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ដើម្បីធ្វើការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវនានា ខណៈបញ្ហានេះបាននិង កំពុងក្លាយទៅជាប្រធានបទមួយយ៉ាងសំខាន់សម្រាប់ប្រទេសកម្ពុជា ដែលត្រូវទាមទារឲ្យមាន ការចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់គ្នា។ ជាពិសេសដើម្បីពញ្ញាក់ស្មារតី ដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសសិស្សានុសិស្ស ឲ្យមានការប្រុងប្រយ័ត្ន នៅពេលធ្វើដំណើរតាមដងផ្លូវ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសវាងឱ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមានឡើងជាយថាហេតុ ។

លោក ផា ថា ប្រធានការិយាល័យចរាចរណ៍នៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តរតនគិរី តំណាងលោក ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានសម្តែងនូវការព្រួយបារម្ភអំពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងបានសំណូមពរឲ្យអ្នកប្រើប្រាស់យានជំនិះគ្រប់ប្រភេទ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានខ្ជាប់ខ្ជួន មិនត្រូវបើកបរលើសល្បឿនកំណត់ ត្រូវគោរពសិទ្ធិអាទិភាព ហើយក្នុងពេលធ្វើដំណើរត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពឱ្យបានត្រឹមត្រូវនៅពេលបើកបររថយន្ត និងត្រូវពាក់មួកសុវត្ថិភាព នៅពេលធ្វើដំណើរតាមម៉ូតូដោយមិនគិតទីជិត ឬទីឆ្ងាយឡើយ ។

សូមបញ្ជាក់ថា នៅក្នុងឱកាសនេះក្រុមការងារបាន
រៀបចំបានធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក សួរសំណួរ-ចម្លើយ សុវត្ថិភាពចរាចរណ៍ដល់អ្នកធ្វើដំណើរមិនពាក់មួកសុវត្ថិភាព ចែកខិត្តប័ណ្ណផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ បិទស្ទិកឺចំណាំងផ្លាតតាមយានយន្តអ្នកធ្វើដំណើរ និងចាក់សារសម្លេង អានសារសម្លេងតាមឧឃោសនស័ព្ទ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវគោកទាំងអស់ មេត្តាយោគយល់អធ្យាស្រ័យក្នុងពេលធ្វើដំណើរ ហើយប្រកាន់យកវិធានការច្បាប់ដ៏តឹងរឹងចំពោះបទល្មើសចរាចរណ៍ផ្លូវគោក ដើម្បីចៀសវាងពីការប្រឈមចំពោះផ្លូវច្បាប់ ការពារ អាយុជីវិតខ្លួនឯង និងអ្នកដទែ និងរួមគ្នាលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិយើង និង បានសួរសំនួរ-ចម្លើយទៅកាន់ប្រជាពលរដ្ឋដែលធ្វើដំណើរពុំមានពាក់មួកសុវត្ថិភាព និងបំពាក់មួកសុវត្ថិភាពដល់អ្នកឆ្លើយសំណួរ ចំនួន ៣០ មួក
១.សៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹង ចំនួន ៥០០ ក្បាល
២.ខិតប័ណ្ណប្រការសំខាន់ៗដែលអ្នកបើកបរត្រូវយល់ដឹង ចំនួន ៥០០សន្លឹក
៣.ស្ទីគឃ័រចំណាំងផ្លាត ចំនួន ២០០សន្លឹក
៤.ផ្ទាំងរួបភាពសម្រាប់ថ្មើរជើង ចំនួន ១០០សន្លឹក សម្រាប់ជូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវផងដែរ៕

ដោយ ៖ ប៉េស សារី