សង្គម

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានចុះហត្ថលេខាសាងសង់ជាផ្លូវការ រវាងក្រសួងសាធារណការ និងក្រុមហ៊ុនសាងសង់ KUMHO-TECHCROSS Joint Venture

image


ភ្នំពេញ៖ នារសៀលថ្ងៃទី២៩ ខែសីហានេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី និងហត្ថលេខីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមហិរញ្ញប្បទានរបស់ធនាគារនីហរ័ណ- អាហរ័ណ នៃសាធារណរដ្ឋកូរ៉េ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនសាងសង់ KUMHO-TECHCROSS Joint Venture ដែលមាន លោក Cho WanSeok អគ្គនាយកប្រតិបត្តិក្រុមហ៊ុន។

បើតាមក្រសួងសាធារណការ បានឱ្យដឹងថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងតាខ្មៅ គឺជាគម្រោងជំហានទី១ សម្រាប់ការគ្រប់គ្រងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្នុងក្រុងតាខ្មៅ ឱ្យមានប្រសិទ្ធភាព សំដៅថែរក្សាបរិស្ថាន និងសុខភាពប្រជាជន។ គម្រោងនេះ មានសមត្ថភាពចម្រោះទឹកកខ្វក់បាន ១២ ០០០ម៣/ថ្ងៃ ស្ថានីយបូមទឹកកខ្វក់ចំនួន ៧កន្លែង បណ្តាញប្រព័ន្ធបង្ហូរទឹកកខ្វក់ រួមមានលូមេ លូខ្នែង លូខ្នែងរង ប្រវែងសរុបប្រមាណ ១២៥គ.ម ប្រព័ន្ធលូបង្ហូរទឹកភ្លៀង ប្រវែងសរុបប្រមាណ ៥.៣គ.ម និងតំណភ្ជាប់លូទឹកកខ្វក់តាមខ្នងផ្ទះសរុប ១០ ០០០តំណ។


ថ្លែងក្នុងពិធីចុះហត្ថលេខានោះ លោករដ្ឋមន្ត្រី បានកោតសរសើរដល់ថ្នាក់ដឹកនាំក្រសួង រដ្ឋបាលខេត្តកណ្តាល និងអង្គភាពគម្រោង ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ ក្នុងការជំរុញដំណើរការគម្រោងនេះ និងថ្លែងអំណរគុណដល់រដ្ឋាភិបាលកូរ៉េ តាមរយៈមូលនិធិសហប្រតិបត្តការសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច (EDCF) ដែលបានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រដល់វិស័យសាធារណការ និងដឹកជញ្ជូន។


លោករដ្ឋមន្រ្តី បានបញ្ជាក់ថា ការគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់ ក៏ត្រូវបានកំណត់យ៉ាងច្បាស់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណផងដែរ ដោយផ្តោតទៅលើ “ការគ្រប់គ្រង ទុកដាក់ និងកែច្នៃសំរាម និងការពង្រីកបណ្តាញប្រព័ន្ធលូរំដោះទឹកភ្លៀង ប្រព័ន្ធចម្លោះ និងប្រព្រឹត្តកម្មទឹកកខ្វក់”។ ឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណនេះ ក្រសួង បាន និងកំពុងខិតខំប្រឹងប្រែងជំរុញ និងដាក់ចេញនូវយន្តការកែលម្អជាបន្តបន្ទាប់លើការងារអាទិភាព ទាំងនោះរួមមាន៖ ការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ការងារដឹកជញ្ជូនផ្លូវគោក ផ្លូវដែក និងផ្លូវទឹក ជាពិសេសការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទឹកកខ្វក់ ដែលជាការងារអាទិភាព មួយត្រូវបានក្រសួងយកចិត្តទុកដាក់ខ្ពស់ និងបានដាក់ចេញនូវក្របខណ្ឌគតិយុត្ត រួមទាំង ផែនការមេសម្រាប់ការអភិវឌ្ឍ និងធ្វើឱ្យប្រសើរឡើងគម្រោងប្រព័ន្ធទឹកកខ្វក់នៅកម្ពុជា។

ជាក់ស្តែង សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ ក៏ត្រូវបានទទួលការអនុម័តនៅក្នុងសម័យប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រីផងដែរ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ដោយសេចក្តីព្រាងច្បាប់នេះមាន គោលបំណងធានាប្រសិទ្ធភាព គុណភាព សុវត្ថិភាព និងនិរន្តរភាពនៃប្រព័ន្ធទឹកកខ្វក់ និង ការការពារបរិស្ថាន រួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសាធារណៈនៅកម្ពុជា។


លោករដ្ឋមន្រ្តី បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំទទួលបន្ទុក អគ្គនាយកដ្ឋានជំនាញ អង្គភាពគម្រោង និងក្រុមហ៊ុនសាងសង់ សូមយកចិត្តទុកដាក់ខ្ពស់លើការងារបច្ចេកទេសសាងសង់ និងសូមស្នើសុំដល់ភាគីពាក់ព័ន្ធ ព្រមអាជ្ញាធរមូលដ្ឋាន ក្នុងការសហការសម្របសម្រួល ដើម្បីធានាឱ្យគម្រោងនេះអាចដំណើរការបានប្រកបដោយប្រសិទ្ធភាព និងសម្រេចជោគជ័យជាស្ថាពរតាមផែនការគ្រោងទុក៕