សង្គម

យុទ្ធនាការបាញ់ថ្នាំសម្លាប់សត្វមូស នៅតាមសង្កាត់ទាំង១០៥ ក្នុងរាជធានីភ្នំពេញ បានបិទបញ្ចប់ហើយ ត្រឹមយប់ថ្ងៃទី២៥ ខែសីហា

image


ភ្នំពេញ៖ យុទ្ធនាការបាញ់ថ្នាំសម្លាប់សត្វមូស នៅតាមសង្កាត់ទាំង ១០៥ នៅក្នុងមូលដ្ឋានខណ្ឌទាំង១៤ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានឈានដល់ការបិទបញ្ចប់ហើយ នាយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤។ យុទ្ធនាការនេះ បានចាប់ផ្ដើមកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤។

លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃ២៦ ខែសីហា ឆ្នាំ២០២៤ ថា យុទ្ធនាការនេះ ដោយមានការយកចិត្តទុកដាក់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគិតគូរយ៉ាងខ្លាំងពីសុខទុក្ខ និងសុខមាលភាពប្រជាពលរដ្ឋ និងដោយមានការចង្អុលបង្ហាញពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់ចែងឱ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិទាំង៧ សហការជាមួយក្រុមការងារកងពលតូច (ង៧០) ចុះធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មូសទាំងថ្ងៃទាំងយប់ នៅក្នុងមូលដ្ឋានសង្កាត់ទាំង ១០៥ ក្នុងខណ្ឌទាំង១៤ និងតាមសហគមន៍នានា ហើយដោយមានការចូលរួមបង្ករលក្ខណៈងាយស្រួលពីអាជ្ញាធរខណ្ឌ និងសង្កាត់ទាំងអស់ ធ្វើឱ្យដំណើរបាញ់ថ្នាំសម្លាប់មូសទទួលបានលទ្ធផលល្អរួចមុនផែនការ។

សូមបញ្ជាក់ថា ថ្ងៃបើកយុទ្ធការបាញ់ថ្នាំសម្លាប់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់ចែងឲ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិទាំង៧ សហការជាមួយកងទ័ពអង្គភាព ង៧០ និងរដ្ឋបាលខណ្ឌទាំង១៤ ចុះបាញ់ថ្នាំសម្លាប់មូសនៅតាមសង្កាត់ទាំង១០៥ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ តាមការណែនាំពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

កាលពីល្ងាចថ្ងៃ២៣ ខែសីហា លោក ឃួង ស្រេង បានណែនាំបន្ថែមឱ្យប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញប្រើប្រាស់រថយន្តដឹកម៉ាស៊ីនបាញ់ថ្នាំសម្លាប់មូសខ្នាតធំ ឱ្យក្រុមការងារបន្តចុះបាញ់ថ្នាំសម្លាប់មូសខ្លានៅតំបន់ និងទីតាំងសំខាន់ៗ ជាច្រើនកន្លែងបន្ថែមទៀត ពិសេសនៅភាគខាងជើង ភូមិសាស្ត្ររាជធានីភ្នំពេញ ដូចជា នៅតំបន់អគ្គិសនីកម្ពុជាបឹងកក់ ស្ថិតក្នុងខណ្ឌទួលគោក ប្រឡាយអូបាក់ទូក ប្រឡាយអូវែង ប្រឡាយ១៩២៨ ដល់ទំនប់កប់ស្រូវ តំបន់សាកលវិទ្យាល័យអេស៊ីលីដា តំបន់រថយន្តទឹកនៃស្នងការនគរបាលរាជធានី ក្នុងខណ្ឌឫស្សីកែវ ប្រឡាយទួលសំពៅ និងប្រឡាយអូអាកុជ នៅខណ្ឌសែនសុខ ជាដើម៕