ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង៖ គ្រប់សាសនានៅកម្ពុជាមានសារៈសំខាន់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀននិងការរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក

image

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី សិក្ខាសាលាស្ដីពី កិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា លើកទី៨ ក្រោមប្រធានបទ«កិច្ចជំរុញការអនុវត្តសេចក្ដីប្រកាសរួមលើកទី៧ ស្ដីពីសាសនិកគ្មានគ្រឿងញៀន និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក»។

សិក្ខាសាលាដ៏មានសារៈសំខាន់នេះបានប្រារព្ធឡើងនៅសាលសន្និសីទចតុមុខរាជធានីភ្នំពេញ ដោយមានការយាងនិមន្ត និងអញ្ជើញចូលរួមពីសំណាក់សម្ដេចព្រះអគ្គមហាសង្ឃរាជទាំងពីរគណៈ សម្ដេចព្រះសង្ឃនាយក ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការនៃក្រសួងធម្មការ និងសាសនា តំណាងសាសនានានៅកម្ពុជា និងតំណាងអង្គការជាតិ អន្តរជាតិពាក់ព័ន្ធជាច្រើនអង្គនាក់។

ជាកិច្ចចាប់ផ្ដើមអង្គពិធីបានស្ដាប់សន្ទរកថាស្វាគមន៍របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ហឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដែលបើតាមរបាយការណ៍ សិក្ខាសាលានៅថ្ងៃនេះមានការយាងនិមន្ត និងអញ្ជើញចូលរួមពីអង្គសិក្ខាសាលាសរុបជាង៩០០អង្គនាក់ និងបានគូសបញ្ជាក់ថាសិក្ខាសាលានៅថ្ងៃនេះគឺជាការបង្ហាញឲ្យឃើញថាគ្រប់សាសនាទាំងអស់ពិតជាមានឆន្ទៈ និងបានចូលរួមយ៉ាងសកម្មនៅក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានអញ្ជើញមានប្រសាសន៍ទៅកាន់អង្គសិក្ខាសាលា ដោយជាកិច្ចចាប់ផ្ដើម សម្ដេចឧបនាយករដ្ឋមន្ត្រី បានសម្ដែងសេចក្ដីរីករាយដែលបានអញ្ជើញចូលរួមបើកសិក្ខាសាលាដ៏មានសារៈសំខាន់នាថ្ងៃនេះ និងបានថ្លែងអំណរគុណ ព្រមទាំងស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះព្រះរាជវត្តមាន ព្រះវត្តមាន និងវត្តមានអង្គសិក្ខាសាលាទាំងអស់ដែលបានយាងនិមន្ត និងអញ្ជើញចូលរួម។

សម្ដេចបានថ្លែងវាយតម្លៃខ្ពស់ចំពោះក្រសួងធម្មការ និងសាសនា ស្ថាប័នពាក់ព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំនិកាយសាសនាផ្សេងៗនៅកម្ពុជា ព្រមទាំងសាលារាជធានីភ្នំពេញ ដែលបានសហការគ្នារៀបចំសិក្ខាសាលានេះឡើង ដែលជាការផ្ដល់កិត្តយស និងលើកកម្ពស់កិត្យានុភាពនៃសុខដុមនីយកម្មសាសនានៅកម្ពុជា និងជាការបង្ហាញការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះសេរីភាពនៃជំនឿសាសនានៅកម្ពុជានៅលើឆាកជាតិ និងអន្តរជាតិ។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថានៅព្រះរាជាណាចក្រកម្ពុជា បានបើកទូលាយនូវសិទ្ធិសេរីភាពខាងសាសនាតាមស្មារតីនៃរដ្ឋធម្មនុញ្ញដោយបានដាក់បញ្ចូលវិស័យសាសនា ទៅក្នុងបាវចនាជាតិ គឺជាតិ សាសនា ព្រះមហាក្សត្រ ដែលជាការបង្ហាញឲ្យឃើញពីការពឹងអាស្រ័យគ្នាទៅវិញ ដើម្បីសុខសន្តិភាពក្នុងសង្គម ជាក់ស្ដែងវិស័យសាសនាបានចូលរួមអប់រំមនុស្សឲ្យប្រព្រឹត្តអំពើល្អ។

សម្ដេចបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលតែងជំរុញលើកទឹកចិត្តគ្រប់សាសនាក្នុងការបដិបត្តិទៅតាមគន្លងសាសនានីមួយៗ ដើម្បីបង្កើនការចូលរួមកសាងអំពើល្អ វាចាកអំពើហិង្សា ការរើសអើង ការបែងចែកជំនឿសាសនា សំដៅទប់ស្កាត់ការយកសាសនា ធ្វើជាឧបករណ៍ ឬធ្វើអាជីវកម្មដែលអាចបង្កជាវិបត្តិ ឬភាពចលាចលក្នុងសង្គមកម្ពុជា និងបានជំរុញប្រែក្លាយសក្ដានុពលសាសនានីមួយៗឲ្យទៅជាកម្លាំងចលករក្នុងការជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រមទាំងពង្រឹងសុខសន្តិភាព ថែទាំប្រពៃណីជាតិ និងលើកកម្ពស់តម្លៃសីលធម៌ក្នុងសង្គម។

សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថាការចូលរួមនៅថ្ងៃនេះ គឺជាការបង្ហាញយ៉ាងច្បាស់នូវការចូលរួមរបស់គ្រប់សាសនានៅកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងការរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ទៅតាមស្មារតីនៃសេចក្ដីប្រកាសរួមស្ដីពី«សាសនិកគ្មានគ្រឿងញៀន និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក» ដើម្បីជំរុញផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងការមិនគោរពច្បាប់ចរាចរណ៍។

សម្ដេចឧបនាយករដ្ឋមន្ត្រី បានបង្ហាញជំនឿចិត្តថាអង្គសិក្ខាសាលានៅថ្ងៃនេះ នឹងផ្ដោតការពិភាក្សាផ្លាស់ប្ដូរទស្សនៈ មតិយោបល់ និងចែករំលែកបទពិសោធល្អៗអំពីកិច្ចជំរុញការអនុវត្តសេចក្ដីប្រកាសរួម និងអាចដាក់ចេញនូវវិធានការ ឬយន្តការគន្លឹះថ្មីៗបន្ថែមទៀតដើម្បីអនុវត្តឲ្យសមស្រប និងទទួលបានលទ្ធផល ទៅតាមការវិវត្តរបស់សង្គម ដើម្បីរួមចំណែកលើកស្ទួយយសុខដុមនីយកម្មសាសនាផង និងចូលរួមអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលផង។

សម្ដេចក៏បានរំលឹកឡើងវិញនូវការអំពាវនាវរបស់សម្ដេចតេជោទៅកាន់គ្រប់សាសនានៅកម្ពុជា ក្នុងការចូលរួមរក្សាសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ចូលរួមអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ចូលរួមធ្វើយុទ្ធនាការបំបាត់ និងកាត់បន្ថយការប្រើប្រាស់គ្រឿងញៀន ចូលរួមគោរពច្បាប់ចរាចរណ៍ បន្តសុខដុមនីយកម្មក្នុងសាសនានីមួយៗ និងយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីធានាឲ្យសាសនារឹងមាំ និងរីកចម្រើនបន្តទៀត។

សម្ដេចបានគូសបញ្ជាក់បន្ថែមថាការពង្រឹងសន្តិភាព សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ គឺជាកត្តាគ្រឹះដែលមិនអាចខ្វះបាន ហើយសម្ដេចពិតជារីករាយបំផុតនៅពេលបានឃើញពលរដ្ឋចូលរួមជាមួយរាជរដ្ឋាភិបាល។ ជាក់ស្ដែងថ្មីៗនេះប្រជាពលរដ្ឋទូទៅ រាប់ទាំងអ្នកគាំទ្រអតីតគណបក្សប្រឆាំងមួយចំនួនផង បានបង្ហាញការបដិសេធចោលទាំងស្រុងចំពោះផែនការវិលចូលស្រុកថ្ងៃ៩វិច្ឆិការបស់មេដឹកនាំក្រុមឧទ្ទាមដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាល ដែលជាការប៉ុនប៉ងបំផ្លាញសេចក្ដីសុខរបស់ប្រជាពលរដ្ឋ និងសន្តិភាពរបស់ប្រទេសជាតិ។

សម្ដេចក្រឡាហោម ស ខេង បានប្រកាសថ្លែងអំណរគុណប្រជាពលរដ្ឋទាំងអស់ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរដែនដី ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ផែនការបំផ្លាញសុខសន្តិភាពនោះដោយជោគជ័យ បើទោះបីជាការប្រកាសពីផែនការនោះ និងការចាត់វិធានការនានារបស់អាជ្ញាធរ បានធ្វើឲ្យពលរដ្ឋខ្លះមានក្ដីព្រួយបារម្ភនៅថ្ងៃដំបូងនៃព្រះរាជពិធីបុណ្យអុំទូក ប៉ុន្តែទីបំផុតនៅថ្ងៃបន្តបន្ទាប់ពលរដ្ឋមានភាពកក់ក្ដៅ និងបានអញ្ជើញមកចូលរួមកម្សាន្តសប្បាយយ៉ាងច្រើនកុះករ។ សម្ដេចក៏បានថ្លែងការសូមអភ័យទោសប្រជាពលរកខ្មែរនៅតំបន់ព្រំដែនកម្ពុជាថៃចំពោះផលប៉ះពាល់មួយចំនួនដែលកើតចេញពីវិធានការរឹតបន្តឹងសន្តិសុខ។

នៅក្នុងឱកាសនេះដែរ បន្ថែមពីលើយុទ្ធនាការបង្ក្រាបគ្រឿងញៀននៅរាជធានីភ្នំពេញ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍អំពីការបង្កើនការបង្រាបគ្រឿងញៀននៅតំបន់ជនបទ ពីព្រោះពេលនេះគ្រឿងញៀនដែលត្រូវបានបង្ក្រាបយ៉ាងសកម្មនៅរាជធានីភ្នំពេញនោះ កំពុងសាយភាយទៅតំបន់ស្រុកស្រែចម្ការ ដែលវានឹងបំផ្លាញធនធានមនុស្ស និងសេចក្ដីសុខ សុវត្ថិភាពនៅតាមមូលដ្ឋាន ប្រសិនបើអាជ្ញាធរមិនអាចបង្ក្រាបទប់ស្កាត់បាន។

សម្ដេចបានថ្លែងអំពាវនាវប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំសាសនាទាំងអស់ បង្កើនការចូលរួមអប់រំផ្សព្វផ្សាយ និងអនុវត្ត ទិសស្លោក៣កុំ ១រាយការណ៍ គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវរាយការណ៍អំពីបទល្មើសគ្រឿងញៀន ហើយបញ្ហាចរាចរណ៍ក៏ដូចគ្នាដែរ ដោយសម្ដេចបានអំពាវនាវឲ្យគ្រប់ភាគីផ្ដល់អាទិភាពដល់ការអនុវត្តច្បាប់ និងបានអំពាវនាវព្រះសង្ឃ និងថ្នាក់ដឹកនាំសាសនាទាំងអស់ចូលរួមបញ្ជ្រាបបញ្ហាទាំងនេះនៅពេលសម្ដែងព្រះធម៌ ឬនៅក្នុងកម្មវិធីសនានានា ៕