ក្រសួងសុខាភិបាល បានសម្រេចបិទមជ្ឈមណ្ឌលកែសម្ផស្ស មជ្ឈមណ្ឌលថែរក្សាសម្ផស្ស និងគ្លីនិកថែរក្សាកែសម្ផស្សចំនួន ៦ទីតាំង
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានសម្រេចបិទមជ្ឈមណ្ឌលកែសម្ផស្ស មជ្ឈមណ្ឌលថែរក្សាសម្ផស្ស និងគ្លីនិកថែរក្សាកែសម្ផស្ស ចំនួន៦ទីតាំង ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល និងផ្សព្វផ្សាយចែកចាយ និងលក់ឱសថ និងផលិតផលគ្មានបញ្ចិកាពីក្រសួងសុខាភិបាល។
មជ្ឈមណ្ឌលកែសម្ផស្ស មជ្ឈមណ្ឌលថែរក្សាសម្ផស្ស និងគ្លីនិកថែរក្សាកែសម្ផស្ស ចំនួន៦ទីតាំង រួមមាន៖
ទី១៖ មជ្ឈមណ្ឌលថែរក្សាសម្រស់ ឌីអ ប្រឹហ្វេសិនណល ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១១១ ផ្លូវលេខ១៥៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ របស់លោកស្រី ទូច ធីតា តំណាងមជ្ឈមណ្ឌលថែរក្សាសម្រស់ ឌី ប្រឹហ្វេសិនណល ដោយមូលហេតុពុំមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ។
ទី២៖ គ្លីនិកកែសម្ផស្ស ឌីអ ប្រឺហ្វេសិនណល សៀមរាប ដែលមានអ្នកទទួលខុសត្រូវ ឈ្មោះលោក វេជ្ជបណ្ឌិត សែម រតនា មានទីតាំងនៅផ្លូវជាតិលេខ៦A ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដោយមូលហេតុ គ្មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល ។
ទី៣៖ មជ្ឈមណ្ឌលកែសម្ផស្ស ឌីអ ប្រីហ្វេសិនណល ខេត្តព្រះសីហនុ ដែលមានទីតាំងស្ថិតនៅផ្សារទំនើប FURI ផ្លូវឯករាជ្យ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ របស់ វេជ្ជបណ្ឌិត សែម រតនា ដោយមូលហេតុមិនមានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល។
ទី៤៖ គ្លីនិកសម្ផស្ស ឌីអ ប្រឺហ្វេសិនណល តាខ្មៅ ដែលមានអ្នកទទួលខុសត្រូវ ឈ្មោះលោក វេជ្ជបណ្ឌិត សែម រតនា មានទីតាំងនៅផ្ទះលេខ៨៤ ផ្លូវ២១០ ភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។
ទី៥៖ ទីតាំងផ្តល់សេវាថែរក្សាសម្ផស្ស ឌីអ ប្រឺហ្វេសិនណល ស្ថិតនៅផ្លូវលេខ១០៤ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង របស់លោក សែម រតនា និងទី៦ មជ្ឈមណ្ឌលថែរក្សាសម្ផស្ស យីហោ « ឌីអ ប្រូហ្វេសិនណល ឯ.ក » ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៦៨ ផ្លូវសុរិយាវរ្ម័ន ភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាមខេត្តកំពង់ចាម៕
ដោយ៖ គង់ វណ្ណៈ