សន្តិសុខសង្គម

ចាប់ខ្លួនក្មេងទំនើង​ ៦នាក់​ នៅក្រុងប៉ោយប៉ែត​ ដែលមានរហ័សនាមក្រុម​ 4T5 បន្ទាប់ពីកាប់យុវជនម្នាក់យ៉ាងសាហាវបណ្តាលឱ្យរបួសធ្ងន់

image

បន្ទាយមានជ័យ៖​ មានករណីហិង្សាដោយចេតនា​ ដែលបង្ករឡើងដោយក្រុមក្មេងស្ទាវឈ្មោះ4T5 ឬក្រុមថ្នាំដុះធ្មេញចំនួន​ ៦នាក់ បានជិះម៉ូតូ​ ៣គ្រឿង និងប្រើកាំបិតប៊ាំងតោ កាប់ទៅលើយុវជនម្នាក់ឈ្មោះ​ ចំណាន រតនៈពេជ្រ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្ដាលឱ្យរងរបួសក្បាលផ្នែកខាងលើដេរចំនួន​ ៣៦ថ្នេរ និងប្រើកូនកាំបិតចាក់លើចង្ការខាងឆ្វេងបណ្ដាលឱ្យរងរបួសដេរចំនួន​ ២ថ្នេរ​ ផងដែរ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច​ ខេត្តបន្ទាយមានជ័យ​ នៅថ្ងៃទី១៣​ ខែសីហា​ ឆ្នាំ២០២៤​ បានឱ្យដឹងថា​ ករណីនេះ​បានកេីតឡេីងកាលពីវេលាម៉ោង​ ២០:១៥នាទី ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ នៅចំណុចមុខម៉ាតក្នុងបុរីឌឹផាកស៊ីធី ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយពីធ្វើសកម្មភាពរួចក្រុមនេះ​ បានជិះម៉ូតូគេចខ្លួនបាត់ បន្សល់ទុកជនរងគ្រោះដេកនៅក្នុងថ្លុកឈាម ត្រូវបានក្រុមសង្គ្រោះដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។

រហូតដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នៅមូលដ្ឋានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត​ បានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា(មានស្ថានទម្ងន់ទោស) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត​ ក្រុងសិរីសោភ័ណ និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ​ ក្រោយពីបានទទួលបណ្ដឹងពីជនរងគ្រោះ។

ជនសង្ស័យទាំង៦​នាក់ឈ្មោះ លីន វរៈបុត្រ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ,​ ឈ្មោះ ស្រ៊ឹម ម៉េងលី ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ ឈ្មោះ សេង ទីទី ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ,​ ឈ្មោះ រិន បូរ៉ា ភេទប្រុស អាយុ​ ៣០ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ,​ ឈ្មោះ ហុង សុន្ទរោ ហៅ4T5 ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ,​ ឈ្មោះ ជា ធារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា​ ក្នុងករណីនេះ​ដោយមានការណែនាំពី​ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របស្រួលនីតិវិធីដោយលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការអាវុធហត្ថក្រុងប៉ោយប៉ែត បានបញ្ជាឱ្យកម្លាំងមូលដ្ឋានអាវុធហត្ថក្រុង​ បានចុះស្រាវជ្រាវឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់។

បច្ចុប្បន្ន​ ជនសង្ស័យខាងលើ​ សមត្ថកិច្ចជំនាញ​ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕