អភិបាលរាជធានីភ្នំពេញ ប្រាប់អាជ្ញាធរខណ្ឌទាំង១៤ ត្រៀមការពារសន្តិសុខ ដើម្បីឱ្យពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ នៅថ្ងៃស្អែក ដំណើរទៅដោយរលូន

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបេីកកិច្ចប្រជុំត្រួតពិនិត្យការងារសន្តិសុខ សុវត្ថិភាពសណ្ដាប់ធ្នាប់ សាធារណៈ និងពិនិត្យទីតាំងប្រារព្ធកម្មវិធី ប្រគំតន្ត្រីជាក់ស្ដែង នៅសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ ដេីម្បីអបអរសាទរពិធីបេីកការដ្ឋានសាងសង់ "ព្រែក ជីកហ្វូណនតេជោ" នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នៅមុខសាលមហោស្រពកោះពេជ្រ ព្រមទាំងរៀបចំពិធីអុជធូបសុំសេចក្ដីសុខសេចក្ដីចម្រើន ដំណេីរការកម្មវិធីប្រកបដោយរលូន។
ក្នុងឱកាសនោះ លោក ឃួង ស្រេង បានលេីកឡេីងថា កងកម្លាំង មន្ត្រី និងក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ បានយកអស់កម្លាំងកាយចិត្ត ក្នុងការអនុវត្តការងារសំដៅធ្វើយ៉ាងណាឱ្យពិធីអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដំណើរការទៅដោយភាពសប្បាយរីករាយ និងជោគជ័យ។
លោក ឃួង ស្រេង បានបញ្ជាក់ថា ការងារសំខាន់របស់អាជ្ញាធរគឺ កិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ សាធារណៈ ក្នុងពិធីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ នៅថ្ងៃស្អែកនេះ ដែលទាមទាឱ្យកងកម្លាំង និងអាជ្ញាធរខណ្ឌទាំង១៤ យកអស់មម្លាំងកាយចិត្ត ក្នុងស្មារតីខ្មែររួមជាតិតែមួយ ធ្វើយ៉ាងណាឱ្យពិធីនេះដំណើរទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព ជាមួយនឹងភាពសប្បាយរីករាយ។
សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន-តេជោ នឹងបើកការដ្ឋាននៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះដែរគ្រប់ខណ្ឌ គ្រប់មន្ទីរចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ ក៏មានការរៀបចំអបអរសាទរពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោនេះដែរ ដោយធ្វើឡើងនៅតាមអង្គភាពរៀងៗខ្លួន មានទាំងការដាក់ទង់ជាតិ ទង់សាសនា និងការទូងស្គ ឱ្យមានភាពគគ្រឹកគគ្រែងក្នុងស្មារតីជាតិតែមួយ។ ដោយឡែក វិហារសាសនានានា នៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ក៏មានការទូងស្គបែបនេះផងដែរ។
លោក ឃួង ស្រេង បានបញ្ជាក់ថា ក្រោយពិធីបើកការដ្ឋានបានបញ្ចប់ ពោលគឺ នៅរាត្រីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នឹងមានការប្រគុំតន្ត្រី នៅមុខសាលមហោស្រពកោះពេជ្រ ដែលមានសិល្បករ និងកីឡាករ ល្បីៗរបស់កម្ពុជា និងមានអ្នកចូលរួមប្រមាណជាង ១ម៉ឺននាក់ ជាមួយនឹងការរៀបចំបាញ់កាំជ្រូចនៅទន្លេ៤មុខចំនួន២លើក គឺនៅម៉ោង៧:២០នាទី ១លើក និងទី២នៅម៉ោង ៩:៩យប់ មួយលើកទៀត។
លោក ឃួង ស្រេង មានប្រសាសន៍ថា ការដ្ឋានសាងសង់ "ព្រែក ជីកហ្វូណនតេជោ" ជាផលប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជាតិកម្ពុជា។ គម្រោងជាប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឱ្យបន្តសម្រេចបាន ដើម្បីផលប្រយោជន៍ខ្មែរជំនាន់ក្រោយ៕















