រដ្ឋបាលខេត្តស្ទឹងត្រែង ដឹកនាំក្រុមយុវជនធ្វើសកម្មភាពបរិច្ចាគឈាម ដើម្បីគាំទ្រចំពោះការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នាថ្ងៃ៥ សីហា ២០២៤ ស្អែកនេះ ប្រកបដោយមោទកភាពជាតិខ្មែរ

ស្ទឹងត្រែង៖ ថ្នាក់ដឹកនាំខេត្ត គណៈអភិបាលខេត្ត និងមន្ត្រីរាជការនៃសាលាខេត្តស្ទឹងត្រែង នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមយុវជនស.ស.យ.ក មកពីទាំង៦ក្រុង-ស្រុក ធ្វើការបរិច្ចាគឈាមជូនដល់មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ដើម្បីគាំទ្រយ៉ាងពេញទំហឹង ចំពោះពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ស្អែកនេះ ខណៈគម្រោងព្រែកជីកហ្វូណនតេជោ នឹងបានរួមចំណែកយ៉ាងសំខាន់បម្រើឱ្យផលប្រយោជន៍ជាតិ បានយូរអង្វែងគ្រប់ជំនាន់។ តាមរយៈនៃការបរិច្ចាគឈាមដើម្បីគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ថ្ងៃនេះ ស្ថិតក្រោមវត្តមានចូលរួមពីលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងគណៈអភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការនៃសាលាខេត្ត និងក្រុមយុវជនស.ស.យ.កប្រមាណជិត៣០០នាក់ ក្នុងសកម្មភាពបរិច្ចាគឈាម គឺប្រកបដោយអត្ថន័យដូច្នេះថា៖ "យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃរដ្ឋបាលខេត្តស្ទឹងត្រែង សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមប្រកបដោយ ចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា ដែលបន្តអនុវត្តគម្រោងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ យើងខ្ញុំទាំងអស់គ្នា សូមអបអរសាទរពិធីបើកការដ្ឋាន សាងសង់ព្រែកហ្វូណនតេជោ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ស្អែកនេះ"។
មិទ្ធផលថ្មី ជាប្រវត្តិសាស្ត្ររបស់កម្ពុជា នាពេលនេះ គឺពិតជាបម្រើឱ្យផលប្រយោជន៍ជាតិបានយូរអង្វែង ព្រោះព្រែកជីកហ្វូណនតេជោ នឹងជួយដល់វិស័យដឹកជញ្ជូន ដែលធ្វើឱ្យកម្ពុជា មានផ្លូវទឹកផ្ទាល់ខ្លួន ឯករាជ្យម្ចាស់ការ ចំណាយតិចជាងមុន និងចំណេញពេលច្រើន ដែលអំណោយផលដល់ភាពប្រកួតប្រជែងនៃទំនិញកម្ពុជា ពោលគឺអាចបង្កើតតំបន់ពាណិជ្ជកម្ម មជ្ឈមណ្ឌលភស្តុភារកម្ម និងការអភិវឌ្ឍផែរណបថ្មីៗជាច្រើនទៀត ក្រៅពីនោះព្រែកជីកនេះក៏ជាអំណោយផលដល់ការអភិវឌ្ឍន៍កសិកម្ម ប្រព័ន្ធធារាសាស្ត្រ វារីវប្បកម្ម និងការចិញ្ចឹមសត្វផងដែរ៕
អត្ថបទ៖ ម៉ាក មេត្តា















