នៅវិមានឈ្នះឈ្នះសម្តេចតេជោខេត្តបន្ទាយមានជ័យ បានត្រៀមរៀបចំវាយ គង ជួង ទូងស្គរ គោះត្រដោក ទះប៉ោត ដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហា ស្អែកនេះ

បន្ទាយមានជ័យ៖ នៅទូទាំងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ០៤ខែកក្កដា ឆ្នាំ២០២៤នេះ មន្រ្តីរាជការ កងកម្លាំង បានត្រៀមរៀបចំវាយ គង ជួង ទូងស្គរ គោះត្រដោក ទះប៉ោត ដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ នាថ្ងៃទី៥ខែ សីហា ឆ្នាំ ២០២៤។ នេះបើយោងតាមការបញ្ជាក់របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ។
ពាក់ព័ន្ធនឹងថ្ងៃបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោនេះ លោក ណង វុទ្ឋី នាយករដ្ឋបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ដោយមានការណែនាំពីលោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានណែនាំដល់ មន្រ្តី រាជការ កងកម្លាំង អាជ្ញាធរក្រុង ស្រុកទាំង៩ ត្រូវរៀបចំពីធីអបអរសាទរនៃថ្ងៃបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ឱ្យបានកងរំពង។
សូមបញ្ជាក់ផងដែរថា ការណែនាំរបស់លោកអភិបាលខេត្ត ដល់មន្ត្រីរាជការ នៃរដ្ឋបាលទាំង៩ស្រុក ក្រុង សូមអញ្ជើញ ចូលរួមអបអរសាទរឱ្យបានយ៉ាងអធិកអធម នៅថ្ងៃទី០៥ខែកក្កដា ឆ្នាំ២០២៤ ដើម្បីអបអរសាទរនៃថ្ងៃបើកការដ្ឋានជួសជុលព្រែកជីកហ្វូណនតេជោ គឺខេត្តបន្ទាយមានជ័យបានធ្វើពិធី រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃ០៤-០៥-០៦ គឺចាប់ពីម៉ោង ០៤ល្ងាច ផ្តើមប្រគុំតន្រ្តីកម្សាន្ត នៅសួនកម្សាន្តតេជោឈ្នះឈ្នះ និងនៅថ្ងៃទី០៥ ផ្តើមកម្មវិធីធំ និងបន្តកម្មវិធីអបអរសាទរដល់ថ្ងៃទី០៦ទើបបញ្ចាប់កម្មវិធី។
លោក ណង វុទ្ឋី បានបន្តថា រដ្ឋបាលខេត្តក៏រៀបចំការប្រគុំតន្ត្រីខ្នាត់ធំ និងបាញ់កាំជ្រួចនៅថ្ងៃទី០៤ខែកក្កដា ឆ្នាំ២០២៤ ដើម្បីអបអរថ្ងៃបើកការដ្ឋាននេះផងដែរ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តទាំងអស់ចូលរួមអបអរសាទរ និងមកលេងកម្សាន្តឲ្យបានច្រើនកុះករ។
ដោយទ្បែកនៅបញ្ជាការដ្ឋានកងពលតូចថ្មើជើងលេខ៥១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានឱ្យដឹងថា នៅបញ្ជាការដ្ឋានកងពលតូចថ្មើជើងលេខ៥១ កងកម្លាំងបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការ ទូងស្គរ គោះត្រដោក ដើម្បីអបអរសាទរនៃថ្ងៃបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះផងដែរ។
សូមបញ្ជាក់ថា គម្រោងនេះមានប្រវែង ១៨០គីឡូម៉ែត្រ (ទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ ផ្នែកខាងក្រោម ៨០ម៉ែត្រ) តភ្ជាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ រួចចូលតាមបណ្តាព្រែក នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល តាកែវ កំពត និងកែប៕
អត្ថបទ៖ ជា ថន












