ព័ត៌មានជាតិ

ភ្ញៀវទេសចរជាច្រើន បានមកលេងកម្សាន្តខេត្តមណ្ឌលគិរី អបអរថ្ងៃប្រវត្តិសាស្ត្រពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

image


មណ្ឌលគិរី៖ នៅថ្ងៃទី០៤ សីហា ២០២៤ ពោលគឺមុនមួយថ្ងៃ នៃពិធីប្រវិត្តិសាស្ត្របើកការដ្ឋានព្រែកជីកហ្វូណនតេជោ ខេត្តមណ្ឌលគិរី ត្រូវបានកត់សម្គាល់ឃើញថា មានអ្នកទេសចរជាច្រើនចូលមកលេងកម្សាន្ត ខុសប្លែកពីពេលកន្លងទៅ នេះបង្ហាញឲ្យឃើញពីអារម្មណ៍ត្រេកអរចំពោះព្រឹត្តិការណ៍ជាតិព្រែកជីកហ្វូណនតេជោ ខណៈអាជ្ញាធរខេត្តមណ្ឌលគិរី ក៏បានត្រៀមរៀបចំព្រឹត្តការណ៍ដ៏ធំ ដើម្បីអបអរផងដែរ។

អ្នកទេសចរមកកម្សាន្តនៅខេត្តមណ្ឌលគិរី បានលើកឡើងថា មូលហេតុដែលជ្រើសយកខេត្តមណ្ឌលគិរី សម្រាប់ដំណើរកម្សាន្តនេះ ពីព្រោះទីនោះមានបរិយាកាសល្អ ទេសភាពស្អាត គួរឲ្យចង់គយគន់។ ពិសេសនោះដំណើរកម្សាន្តរបស់ពួកគាត់ បែបលក្ខណៈគ្រួសារនេះ ក៏ដើម្បីបង្ហាញពីអារម្មណ៍សប្បាយរីករាយ និងត្រេកអរខ្លាំងបំផុត ចំពោះព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោផងដែរ។

លោក នាង វណ្ណៈ នាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី បានឱ្យដឹងថា សម្រាប់ថ្ងៃស្អែក ក្នុងកម្មវីធីព្រែកជីកប្រវត្តិសាស្ត្រ អាជ្ញាធរខេត្តបានរៀបកម្មវិធីធំៗចំនួន២វគ្គ ក្នុងថ្ងៃតែមួយ នៅពេលព្រឹកមានការជួបជុំប្រជាពលរដ្ឋប្រមាណជិត២០០០នាក់ នៅវិមានឯករាជ្យ ពិសេសគឺជនជាតិដើមភាគតិច ដើម្បីទស្សនាការផ្សាយផ្ទាល់តាមរយៈLED អំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្របើកការដ្ឋានព្រីកជីកហ្វូណនតេជោ ហើយនៅម៉ោង៩និង៩នាទី មានទូងស្គវាយឃ្មួស គងរំពង និងមានការបង្ហោះប៉េងប៉ោងចំនួន៨១ចង្កោម ក្នុងការអបអរសាទព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយនេះ ។

ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី លោក ស៊ាង សឿន បានឲ្យដឹងដែរថា ខេត្តមណ្ឌលគិរីរយៈពេលចុងក្រោយនេះ មានសន្ទុះភ្ញៀវទេសចរច្រើនគួរឲ្យកក់សម្គាល់មកកម្សន្ត ពិសេសគឺនៅចុងខែកក្កដា និងដើមខែសីហានេះ ។ បើគិតតួលេខភ្ញៀវទេសចរក្នុងខែកក្កដាមានចំនួន ប្រមាណជិត៤៧ ០០០នាក់ ភាគច្រើនជាភ្ញៀវទេសចរជាតិ តួលេខនេះមានការកើនឡើង ១២៤,៩៧% ។

ចំណែកកម្មវិធីពេលល្ងាចប្រជាពលរដ្ឋ និងមន្ត្រីរាជការទូទាំងខេត្តនឹងជួបជុំគ្នាទស្សនាការផ្សាយផ្ទាល់ អំពីការប្រគុំតន្ត្រីដ៏ធំពីកោះពេជ្រ ហើយក៏មានការសម្ដែងរបាំប្រពៃណីផ្សេងៗ និងបង្ហោះគោម ចំនួន៨១ ថែមទាំងបាញ់កាំជ្រួញ ដើម្បីអបអរយ៉ាងអាធឹកអាធម៌ផងដែរ។

អត្ថបទ៖ ប៊ុត សុភ័ក្រ