ព័ត៌មានអន្តរជាតិ

ការតវ៉ានៅតាមដងផ្លូវក្នុងប្រទេសនីហ្សេរីយ៉ា ជុំវិញភាពលំបាកផ្នែកសេដ្ឋកិច្ច ឈានចូលដល់ថ្ងៃទីបី

image


នីហ្សេរីយ៉ា៖ ក្រុមអ្នកតវ៉ានៅឯទីក្រុងឡាហ្គោស (Lagos) កាលពីថ្ងៃសៅរ៍ បានចាប់ផ្តើមបន្តការតវ៉ាដ៏លំបាកនៅទូទាំងប្រទេសនីហ្សេរីយ៉ា ក្នុងថ្ងៃទី៣ ដោយច្រៀងបទចម្រៀងជាតិដែលរដ្ឋាភិបាលហាមឃាត់កាលពីជាង ២ ខែមុន ។ នៅក្នុងរដ្ឋធានីអាប៊ូចា (Abuja) ឯណោះវិញ ការចាប់ផ្តើមតវ៉ាដោយក្រុមបាតុករ ធ្វើឡើងយឺតជាងកាលកំណត់ស្ទើរតែ ៣ ម៉ោង ។

គួររំលឹកថា ការតវ៉ាក្នុងប្រទេសនីហ្សេរីយ៉ានារយៈពេលចុងក្រោយនេះ ទទួលបានការបំផុសគំនិតតវ៉ាដឹកនាំដោយយុវជននៅក្នុងប្រទេសកេនយ៉ា ហើយពលរដ្ឋនីហ្សេរីយ៉ា ក៏បានរៀបចំការតវ៉ាមួយនៅលើប្រព័ន្ធអ៊ីនធឺណិត ដោយដាក់ឈ្មោះថា «បញ្ចប់អភិបាលកិច្ចមិនត្រឹមត្រូវក្នុងប្រទេសនីហ្សេរីយ៉ា» ឬ "#EndBadGovernanceInNigeria" ថែមទាំងបញ្ជាក់ទៀតថា ក្រុមអ្នកតវ៉ានឹងបន្តសកម្មភាពរបស់ពួកគេ នៅក្នុងរយៈពេល ១០ ថ្ងៃ ។

ក្នុងរយៈពេលបីថ្ងៃមកនេះ ប្រជាជននីហ្សេរីយ៉ា បាននាំគ្នាតវ៉ានឹងភាពលំបាកផ្នែកសេដ្ឋកិច្ចដែលបណ្តាលមកពីកំណែទម្រង់របស់ប្រធានាធិបតី បូឡា អាម៉េដ ទីនូប៊ូ (Bola Ahmed Tinubu) ដោយធ្វើឱ្យមានកំណើនអតិផរណា រូបិយប័ណ្ណជាតិធ្លាក់ចុះខ្សោយ និងបង្កជាភាពអត់ឃ្លានដល់ប្រជាជនធម្មតានៅក្នុងប្រទេសនេះ ។

កាលពីថ្ងៃសុក្រសប្តាហ៍នេះ អង្គការលើកលែងទោសអន្តរជាតិ បាននិយាយថា យ៉ាងហោចណាស់អ្នកតវ៉ា ១៣ នាក់បានស្លាប់នៅក្នុងរដ្ឋចំនួន ៣ ស្ថិតនៅភាគខាងជើងប្រទេស ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect