រដ្ឋបាលខេត្តបាត់ដំបង បានធ្វើសារគាំទ្រយ៉ាងពេញទំហឹង ចំពោះការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នាថ្ងៃ៥ សីហា ២០២៤ ស្អែកនេះ ប្រកបដោយមោទនភាពជាតិ

បាត់ដំបង៖ ថ្នាក់ដឹកនាំខេត្ត គណៈអភិបាលខេត្ត និងមន្ត្រីរាជការនៃសាលាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ នេះ បានធ្វើសារគាំទ្រយ៉ាងពេញទំហឹង ចំពោះពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ស្អែកនេះ ខណៈគម្រោងព្រែកជីកហ្វូណនតេជោ នឹងបានរួមចំណែកយ៉ាងសំខាន់បម្រើឱ្យផលប្រយោជន៍ជាតិ បានយូរអង្វែងគ្រប់ជំនាន់ ។ តាមរយៈនៃការធ្វើសារគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ នាព្រឹកមិញនេះ ស្ថិតក្រោមវត្តមានចូលរួមពីលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងគណៈអភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការនៃសាលាខេត្តបាត់ដំបង ជាច្រើនទៀត ។
ក្នុងសារគាំទ្រនោះមានខ្លឹមសារយ៉ាងដូច្នេះថា យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃរដ្ឋបាលខេត្តបាត់ដំបង សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមប្រកបដោយ ចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា ដែលបន្តអនុវត្តគម្រោងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ យើងខ្ញុំទាំងអស់គ្នា សូមអបអរសាទរពិធីបើកការដ្ឋាន សាងសង់ព្រែកហ្វូណនតេជោ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ស្អែកនេះ ។
សូមបញ្ជាក់ថា ការត្រៀមបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ រហូតមកដល់ពេលនេះ ត្រូវបានការចូលរួមអបអរសាទរ និងមានការគាំទ្រពីថ្នាក់ដឹកនាំខេត្ត តំណាងព្រះសង្ឃ មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងនៅខេត្តបាត់ដំបង ក៏ដូចជាទាំងក្នុង និងក្រៅប្រទេស បាននិងកំពុងតែក្លាយទៅជាចលនាជាតិមួយ ដែលបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីស្មារតីរួមគ្នានៃប្រជាជាតិខ្មែរទាំងមូល ដែលបានមើលឃើញច្បាស់នូវអត្ថប្រយោជន៍ជាតិជាធំ ។
សមិទ្ធផលថ្មី ជាប្រវត្តិសាស្ត្ររបស់កម្ពុជានាពេលនេះ គឺពិតជាបម្រើឱ្យផលប្រយោជន៍ជាតិបានយូរអង្វែង ព្រោះព្រែកជីកហ្វូណនតេជោ នឹងជួយដល់វិស័យដឹកជញ្ជូន ដែលធ្វើឱ្យកម្ពុជា មានផ្លូវទឹកផ្ទាល់ខ្លួន ឯករាជ្យម្ចាស់ការ ចំណាយតិចជាងមុន និងចំណេញពេលច្រើន ដែលអំណោយផលដល់ភាពប្រកួតប្រជែងនៃទំនិញកម្ពុជា ពោល គឺអាចបង្កើតតំបន់ពាណិជ្ជកម្ម មជ្ឈមណ្ឌលភស្តុភារកម្ម និងការអភិវឌ្ឍផែរណបថ្មីៗជាច្រើនទៀត ក្រៅពីនោះព្រែកជីកនេះក៏ជាអំណោយផលដល់ការអភិវឌ្ឍន៍កសិកម្ម ប្រព័ន្ធធារាសាស្ត្រ វារីវប្បកម្ម និងការចិញ្ចឹមសត្វផងដែរ ។
គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងអភិវឌ្ឍន៍ជាតិយ៉ាងធំនៃប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលបានធ្វើការបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ស្អែកនេះ ៕
ដោយ៖ ឡាច សុគន្ធាវី