អត្តពលិកជាងបីពាន់នាក់ មកពី៥១ប្រទេស បានមកចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី៩ នៅខេត្តសៀមរាប

សៀមរាប៖ អត្តពលិកចំនួន ៣០២១នាក់មកពី៥១ប្រទេស បានចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី៩ ឆ្នាំ២០២៤នេះ នៅក្នុងរមណីយដ្ឋានអង្គរខេត្តសៀមរាប នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤នេះ។
ទិវារត់ប្រណាំងម៉ារ៉ាតុនចក្រភពអង្គរ ត្រូវបានរៀបចំធ្វើជារៀងរាល់ឆ្នាំនៅខេត្តសៀមរាប ហើយព្រឹត្តិការណ៍នៅឆ្នាំនេះ គឺធ្វើឡើងដើម្បីស្វែងរកមូលនិធិជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ក៏ដូចជាដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាតំបន់ទេសចរណ៍កម្ពុជា ពិសេសខេត្តសៀមរាបតែម្ដង។ ជាមួយគ្នានេះ ទិវានេះក៏ធ្វើឡើងក្នុងគោលបំណងកិច្ចការពារបរិស្ថានបៃតងក្នុងរមណីយដ្ឋានអង្គរផងដែរ។
មានប្រសាសន៍នៅក្នុងពិធីបើកទិវារត់ប្រណាំងនេះ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានអំពាវនាវ ដល់ប្រិយមិត្តជាតិ-អន្តរជាតិ ទាំងអស់ចូលរួម អបអរសាទរ ពិធីបើកការដ្ឋានសាងសង់ជាផ្លូវការ “ព្រែកជីកហ្វូណនតេជោ” នាថ្ងៃស្អែកនេះ ដែលជាព្រែកជីកប្រវត្តិសាស្ត្រ ក្រោម គំនិតផ្តួចផ្តើម របស់ សម្តេចតេជោ ហ៊ុន សែន ហើយបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោងដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រោមស្មារតី “គម្រោងរបស់ខ្មែរទាំងអស់គ្នា ដោយខ្មែរ និងដើម្បីខ្មែរគ្រប់រូប” ។
លោកបណ្ឌិតទេសរដ្ឋមន្ត្រី ជូនពរដល់ អត្តពលិកជាតិ និងអន្តរជាតិ រត់ឱ្យបានសប្បាយរីករាយ ឈ្នះ ឈ្នះ ទាំងអស់គ្នា ប្រកបដោយ សុខសុវត្ថិភាព ហើយសង្ឃឹមថា អត្តពលិកជាតិ និងអន្តរជាតិ នឹងបន្តចូលរួម ក្នុងទិវារត់ប្រណាំង អន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ ៕
អត្ថបទ៖ ជា ស្រស់


























