អាងស្តុកទឹកក្នុងប្រទេសអេស្ប៉ាញ ត្រូវរីងស្ងួតហួតហែង ដោយសារតែគ្រោះរាំងស្ងួតកំពុងបន្តអូសបន្លាយ

អេស្ប៉ាញ៖ បញ្ហាគ្រោះរាំងស្ងួត បានបន្តអូសបន្លាយក្នុងរយៈពេលដ៏យូរសម្រាប់ប្រទេសអេស្ប៉ាញ ហើយសីតុណ្ហភាពខ្ពស់នារដូវក្តៅ កំពុងតែវាយប្រហារតាមតំបន់ភាគច្រើនក្នុងប្រទេសនេះ ដោយធ្វើឱ្យអាងស្តុកទឹក អាម៉ាដូរីអូ (Amadorio) ជាគោលដៅទេសចរណ៍ដែលទាក់ទាញភ្ញៀវទេសចរឱ្យទៅស្ទូចត្រី និងរីករាយដំណើរកម្សាន្តក្នុងតំបន់អាលីកង់តេ (Alicante) បានប្រែក្លាយជាវាលខ្សាច់រីងស្ងួតហួតហែង ។
យោងតាមព័ត៌មានផ្តល់ដោយក្រសួងបរិស្ថានរបស់ប្រទេសអេស្ប៉ាញ ដែលចេញផ្សាយនៅលើគេហទំព័រអាងស្តុកទឹក embalse.net បានឱ្យដឹងថា កាលពីថ្ងៃទី ២៧ ខែកក្កដា អាងស្តុកទឹកដែលផ្គត់ផ្គង់ទឹកដល់ទីប្រជុំជនប៊ែននីដម (Benidorm) និងវីឡាចូយ៉ូសា (Villajoyosa) ស្ថិតនៅក្នុងបរិមាណ ១២.៥% នៃសមត្ថភាពរបស់វាតែប៉ុណ្ណោះ ។
ជារួម អាងស្តុកទឹកនានានៅប្រទេសអេស្ប៉ាញ ស្ថិតនៅក្នុងបរិមាណត្រឹម ៥៧.២២% នៃសមត្ថភាពរបស់វាតែប៉ុណ្ណោះ ខណៈទិន្នន័យកាលពីថ្ងៃទី ២៩ ខែកក្កដា បានបង្ហាញថា ភាពរាំងស្ងួតក្នុងប្រទេសនេះ នៅតែបន្តអូសបន្លាយជាហូរហែ ដោយបណ្តាលឱ្យតំបន់មួយចំនួនបានបង្កើតឱ្យមានការរឹតបន្តឹងផ្សេងៗលើការផ្គត់ផ្គង់និងប្រើប្រាស់ទឹក ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect


