សន្តិសុខសង្គម

កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង បង្ក្រាបគ្រឿងញៀន ឃាត់ខ្លួនមនុស្ស​ ៣នាក់

image


កំពង់ឆ្នាំង៖ កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង បានបង្ក្រាបករណីគ្រឿងញៀន ១ករណី ដោយបានឃាត់ខ្លួនជនសង្ស័យ ៣នាក់ និងវត្ថុតាងគ្រឿងញៀន ចំនួន១៣កញ្ចប់។

លោក ហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ករណីបង្ក្រាបគ្រឿងញៀននេះ ធ្វើឡើងកាលពីវេលាម៉ោង១៤ និង៥០នាទី រសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ នៅចំណុចភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

ក្នុងប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ចជំនាញឃាត់ខ្លួនជនសង្ស័យ ចំនួន​ ៣នាក់ ក្នុងនោះ ១, ឈ្មោះ ប៉ោ ឆេង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ ២, ឈ្មោះ សួរ សាក់ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិ ឃុំ ជាមួយគ្នា។ និង៣, ឈ្មោះ ហុង រិច ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិព្រែកខ្សាច់ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ក្នុងពេលឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចដកហូតបានវត្ថុតាងថ្នាំញៀន ចំនួន ១៣កញ្ចប់ទូរស័ព្ទដៃ ៣គ្រឿង និងកាណូតបាឡាស្មាច់ ១គ្រឿង។

លោក ហ៊ុល វាសនា បានឲ្យដឹងទៀតថា ក្រោយពីសាកសួរ សមត្ថកិច្ចបានកសាងសំណុំរឿង ពីបទជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន រួចបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២ ខែសីហានេះ ដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់៕

អត្ថបទ៖​ ហឹង​ ចូច