មនុស្សប្រុសស្រី ៤នាក់បានស្លាប់ និងរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគ្នាពេញទំហឹងនៅវេលាជិតភ្លឺ

កំពត៖ យ៉ាងហោចណាស់មានមនុស្សប្រុសស្រី ៣នាក់ បានស្លាប់ និងម្នាក់ទៀតរងរបួស បន្ទាប់ពីជិះម៉ូតូបុកគ្នាពេញទំហឹង កាលពីវេលាទៀបភ្លឺថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។
យោងតាមការឱ្យដឹងពីសមត្ថកិច្ច ថាជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើមាន ឈ្មោះ ស៊ូ ចិន្តា ភេទស្រី អាយុ ១៦ឆ្នាំ មានទីលំនៅភូមិពកតាមុំ ឃុំសំពងព្រៃ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ឈ្មោះ គន សិលា ភេទប្រុស អាយុ ១៨ឆ្នាំ។ ឈ្មោះ សេន រ៉ានុត ភេទប្រុស អាយុ ២០ឆ្នាំ ទាំង២នាក់ មានទីលំនៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។ ចំណែកអ្នករងរបួសឈ្មោះ អេន ឡុងនី ភេទស្រី អាយុ ២០ឆ្នាំ រស់នៅភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។
ក្នុងករណីនេះ កាលពីវេលាម៉ោង ៣:៣០នាទីទៀបភ្លឺថ្ងៃទី២ ខែសីហា មានករណីម៉ូតូ ២គ្រឿង បានបុកគ្នាពេញទំហឹងពេលកំពុងបើកបរច្រាសទិសគ្នា។ មុនគ្រោះថ្នាក់កើតឡើង យុវជនម្នាក់បានជិះម៉ូតូម៉ាកអ៊ិចសេនទ័រ ដោយបើកបរក្នុងល្បឿនយ៉ាងលឿននៅលើផ្លូវលេខ៧៣៥ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចក្បែររង្វង់មូលរូបសំណាកត្រីផ្សោត ក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក៏បានបុកម៉ូតូម៉ាកហុងដា សេ១២៥ ចំពីមកពីមុខ ធ្វើដំណើរដោយយុវជន និងយុវតី ៣នាក់ ពេញទំហឹងបណ្តាលឱ្យដួលដេករដូករណែលពេញផ្លូវតែម្តង។
សមត្ថកិច្ចបានបន្តថា ក្រោយកើតហេតុភ្លាមៗគេបានឃើញយុវជនជាអ្នកបើកម៉ូតូទាំង ២នាក់ បានស្លាប់ភ្លាមៗ ចំណែកនារីម្នាក់របួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល ជាអកុសល ពេលកំពុងបញ្ជូនទៅកាន់មន្ទីរពេទ្យ នារីម្នាក់ក៏បានស្លាប់ដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក៕
អត្ថបទ៖ វង្ស សុធារម្យ

