សង្គម

នៅសស់តែ​ ៤ថ្ងៃទៀតទេ ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នឹងចាប់ផ្តើម​ ពលរដ្ឋខេត្តកែបត្រៀមខ្លួនរួចរាល់ ខណៈការតុបតែងលម្អ​ និងការដំឡេីងប៉ាណូអបអរសាទររួចរាល់ជាបណ្តើរៗ

image


កែប៖​ នៅសស់តែ​ ៤ថ្ងៃទៀតទេ ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នឹងចាប់ផ្តើមដំណើរការ ប្រជាពលរដ្ឋនៅទូទាំងប្រទេសកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសារ ដើម្បីចូលរួមអបអរសាទរ និងចង់ឃើញសមទ្ធិផលជាប្រវត្តិសាស្ត្រនេះលេចចេញជារួបរាងឆាប់ៗ។ ដោយឡែកពលរដ្ឋខេត្តកែប ថា​ បានត្រៀមខ្លួនចូលរួមអបអររួចរាល់ហើយ ខណៈដែលរដ្ឋបាលខេត្តថានឹងពន្លឿនការងារតុបតែង និងដំឡេីងប៉ាណូអបអរសាទរឲ្យទាន់ពេលវេលា។

កញ្ញា ជាលី ក៏ដូចជាប្រជាពលរដ្ឋខេត្តកែបដទៃទៀត បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ តាំងពីថ្ងៃដំបូង ដែលប្រមុខរាជរដ្ឋាភិបាលបានប្រកាសថា​ នឹងសាងសង់គម្រោងព្រែកជីកហ្វូណនតេជោនេះឡើង ព្រោះព្រែកជីកហ្វូណន​ ក៏កាត់ខេត្តកែបរបស់ពួកគាត់ដែរ។ ពលរដ្ឋខេត្តកែបកំពុងតែទទ្ទឹងរង់ចាំទាំងអន្ទះសារ ក្នុងការចូលរួមអបអរសាទរនៅថ្ងៃបើកការដ្ឋាន ព្រោះពួកគាត់បានយល់ដឹង និងមើលឃើញអំពីអត្ថប្រយោជន៍ដ៏មហាសាល របស់គម្រោងព្រែកជីកហ្វូណនតេជោ។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបញ្ជាក់ថា រដ្ឋបាលខេត្តបាន​ និងកំពុងរៀបចំតុបតែងលម្អសោភ័ណភាព ទាំងការសម្អាតអនាម័យបរិស្ថាន ការចងទង់ជាតិតាមដងផ្លូវ ការរុះរើ និងដំឡេីងប៉ាណូកាត់ទទឹងផ្លូវ និងប៉ាណូនៅទីតាំងសំខាន់ៗមួយចំនួន ដោយប្តូរពីផ្សព្វផ្សាយស្រាបៀរ មកជាការអបអរសាទរ និងគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ។ លោកបានបញ្ជាក់ថា ការងាររៀបចំផ្សេងៗស្ទើររួចរាល់ហើយ នៅសល់ការងារបន្តិចបន្តួចនឹងត្រូវបញ្ចប់នៅមុនថ្ងៃ៤ ខែសីហា។

ដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ រដ្ឋបាលខេត្តកែប​ បានត្រៀមរៀបចំ កម្មវីធីប្រគុំតន្ត្រីនៅឆ្នេរ​ ខ្ញុំស្រឡាញ់ខេត្តកែប ការបាញ់កាំជ្រួច ការដង្ហែក្បួនព្យុះហយាត្រា ការតុបតែងលម្អសោភ័ណភាពខេត្ត ពិសេសរុះរើស្លាកប៉ាណូស្រាបៀរចេញ ជំនួសវិញដោយរូបភាពគាំទ្រ និងអបអរសាទរគម្រោងព្រែកជីកហ្វូណនតេជោ។ តាមការបញ្ជាក់កម្មវិធីអបអរសាទរថ្ងៃបើការដ្ឋាន នឹងមានចូលរួមសរុបប្រមាណ​ ៣ពាន់នាក់៕

អត្ថបទ៖​ ង៉ុង​ សាន់