អាជ្ញាធរក្រុងកំពង់ឆ្នាំង ចុះរុះរើប៉ាណូផ្សព្វផ្សាយស្រាបៀរដែលនៅសេសសល់តាមទីសាធារណៈ
កំពង់ឆ្នាំង៖ អាជ្ញាធរក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ បានលើកកម្លាំងចុះរុះរើប៉ាណូផ្សព្វផ្សាយស្រាបៀរ ដែលនៅសេសសល់ តាមទីសាធារណៈ ក្នុងសង្កាត់ទាំង៤។
ការចុះរុះរើដោយផ្ទាល់នេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីអាជ្ញាធរ បានកំណត់ឲ្យក្រុមហ៊ុន ឬម្ចាស់ប៉ាណូទាំងនោះ ធ្វើការរុះរើខ្លួនឯង ដោយកំណត់ទុកពេលត្រឺមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។
មន្ត្រីអាជ្ញាធរបានបញ្ជាក់ថា ការបញ្ឈប់ការផ្សព្វផ្សាយគ្រឿងស្រវឹង តាមរយៈប៉ាណូនៅតាមដងផ្លូវ និងទីសាធារណៈនេះ ក្នុងគោលបំណងកាត់បន្ថយ ការទទួលទានគ្រឿងស្រវឹងជ្រុលហួសហេតុ ដែលបង្ករគ្រោះថ្នាក់ដល់សុខភាព សង្គម ពិសេសគឺករណីគ្រោះថ្នាក់ចរាចរ។ ហើយអាជ្ញាធរគ្រោងនឹងដាក់ជំនួសមកវិញនូវខ្លឹមសារអប់រំ ដើម្បីលើកស្ទួយមុខមាត់ខេត្ត និងជួយផ្តល់ការអប់រំដល់សាធារណៈជន។
ការចុះរុះរើផ្ទាំងប៉ាណូបញ្ឈប់ការផ្សព្វផ្សាយគ្រឿងស្រវឹងនេះ ក៏មានការគាំទ្រយ៉ាងផុលផុសពីសំណាក់មហាជនផងដែរ៕
អត្ថបទ៖ ហឹង ចូច