សង្គម

ប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយឡាវ និងថៃ កោតសរសើរចំពោះកម្ពុជា ដែលបានបោះជំហានមុនគេ ក្នុងការដាក់បញ្ចូលមេរៀនប្រឆាំងអំពើពុករលួយក្នុងកម្មវិធីសិក្សា

image


អត្ថបទ៖ ជា ស្រស់
សៀមរាប៖ ប្រធានប្រតិភូនៃអង្គភាពប្រឆាំងអំពើពុករលួយមកពីប្រទេសថៃ និងប្រទេសឡាវ បានថ្លែងនូវការកោតសរសើរចំពោះកម្ពុជាដែលបានបោះជំហានមុនគេនៅក្នុងការដាក់បញ្ជូលមេរៀនប្រឆាំងអំពើពុករលួយក្នុងកម្មវិធីសិក្សា។

អនុប្រធាននៃ អាជ្ញាធរអធិការកិច្ចរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានគណៈប្រតិភូ SIA លោក Vilayvanh Boutdakham នៅក្នុងដំណើរទស្សនកិច្ចនៅសាលាបឋមសិក្សាវត្តរាជបូណ៌ ក្រុងសៀមរាប នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ បានថ្លែងអំណរគុណចំពោះអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា ដែលបានរៀបចំនូវមេរៀនសម្រាប់ដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សារបស់រដ្ឋ។

លោក Vilayvanh Boutdakham មានសេចក្តីរីករាយជាខ្លាំងចំពោះរាជរដ្ឋាភិបាល ដែលបានដាក់គោលនយោបាយ នៅតាមសាលាឲ្យមានប្រសិទ្ធភាព ជាពិសេស បានបញ្ចូលកម្មវិធីសិក្សាផ្នែកប្រឆាំងអំពើពុករលួយ នៅក្នុងសាលា ដើម្បីឲ្យសិស្សនុសិស្សបានយល់ដឹងពីការប្រឆាំងអំពើពុករលួយកាន់តែច្រើន។ លើសពីនេះទៅទៀត បានបង្ហាញពីការបង្រៀន ការរៀន ការសាមគ្គីគ្នា និងការអនុវត្តការងារបស់ខ្លួនប្រកបដោយយកចិត្តទុកដាក់។

លោកបន្តថា តាមរយៈការធ្វើបទបង្ហាញបានឲ្យសិស្សបានដឹងខ្ពស់ ដែលធ្វើឲ្យសិស្សមានចំណេះដឹង និងវិន័យ មានគុណសម្បត្តិ សិលធម៌ក្នុងសង្គម មានសមាធិ មានការអនុវត្តវិន័យ ការរស់នៅក្នុងសង្គមយ៉ាងល្អប្រសើរ ទាំងអស់នេះហើយ គឺជាជោគវាសនាសិស្សរបស់នាពេលអនាគត។

ចំណែកលោក Eakawit Wajjwalku ស្នងការ គណៈកម្មការជាតិប្រឆាំងអំពើពុករលួយ នៃព្រះរាជាណាចក្រថៃ និងជាប្រធានគណៈប្រតិភូ NACC ក្នុងដំណើរទស្សកិច្ចក៏ និងសិក្សាស្វែងយល់ពីស្ថានភាពទូទៅ ការអភិវឌ្ឍរដ្ឋបាលមូលដ្ឋាន និងការអភិវឌ្ឍរដ្ឋបាលសាធារណៈខេត្តសៀមរាបនៅព្រឹកថ្ងៃដដែលនោះ បានលើកឡើងថា កម្ពុជាបានបោះជំហានមុនគេក្នុងអាស៊ាន ក្នុងការដាក់បញ្ចូលខ្លឹមសារប្រឆាំងអំពើពុករលួយទៅក្នុងវិស័យអប់រំ។

លោកបន្តថា វាជាការបោះជំហានដ៏ល្អមួយក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដែលពេលត្រលប់ទៅប្រទេសថៃវិញ លោកនឹងលើកបញ្ហានេះ មកពិភាក្សា ។

សូមបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ បានដាក់សៀវភៅអប់រំស្តីពីការប្រឆាំងអំពើពុករលួយលោកគ្រូ អ្នកគ្រូ និងសិស្ស ឲ្យអនុវត្តកម្មវិធីថ្នាក់ជាតិ មាន៣កម្រិត៖ មានកម្រិតមធ្យមសិក្សាទុតិយភូមិថ្នាក់ទី១០, ១១ និង១២ ចាប់ពីឆ្នាំសិក្សា ២០១៤-២០១៥, កម្រិតមធ្យមសិក្សាបឋមភូមិថ្នាក់ទី ៧,៨ និងទី៩ ចាប់ពីឆ្នាំសិក្សា ២០១៥-២០១៦ និងកម្រិតបឋមសិក្សាចាប់ពីឆ្នាំសិក្សា ២០១៦-២០១៧៕