កម្ពុជា-មីយ៉ាន់ម៉ា ឯកភាពគ្នាក្នុងការពង្រឹង និងពង្រីកនូវទំនាក់ទំនងទ្វេភាគីបន្ថែមទៀត ខណៈកម្ពុជានៅតែរក្សាជំហរជួយមីយ៉ាន់ក្នុងរកដំណោះស្រាយបញ្ចប់សង្ក្រាម

អត្ថបទ៖ សុភៈនារី
រូបភាព៖ ផេកសម្តេចតេជោ
ភ្នំពេញ៖ លោក យូ កូកូឡាំង (U Ko Ko Hlaing) បេសកជនពិសេសរបស់ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ាមីយ៉ាន់ម៉ា បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន និងកម្ពុជាបានរួមចំណែកដ៏មានតម្លៃដល់មីយ៉ាន់ម៉ា។
លោកបានបញ្ជាក់ទៀតថា ក្នុងជំនួបដ៏មានសារៈសំខាន់មួយរវាងសម្ដេចតេជោ និងលោកនាយឧត្តមសេនីយ៍ជាន់ខ្ពស់ Min Aung Hlaing តាមប្រព័ន្ធវីដេអូ កាលពីខែឧសភាកន្លងទៅនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាក្នុងការពង្រឹងនិងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងការរួមចំណែករបស់កម្ពុជាធ្វើឱ្យសភាពការណ៍នៅមីយ៉ាន់ម៉ាវិលមករកប្រក្រតីភាពឡើងវិញ។
ជាមួយគ្នានេះ សម្តេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជាធ្លាប់មានប្រសាសន៍ថា កម្ពុជានឹងនៅតែបន្តជួយគាំទ្រមីយ៉ាន់ម៉ាក្នុងការស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាម។
លោក យូ កូកូឡាំង បានលើកឡើងបែបនេះ នៅក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យលោកបានចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា។
នៅក្នុងឱកាសនោះ លោក យូ កូកូឡាំង ក៏បានជម្រាបជូនសម្ដេចអំពីសភាពការណ៍នៅមីយ៉ាន់ម៉ា ក៏ដូចជាសភាពការណ៍យោធា និងការរៀបចំការបោះឆ្នោតផងដែរ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការប្រឹងប្រែងជួយមីយ៉ាន់ម៉ារកផ្លូវដោះស្រាយវិបត្តិបច្ចុប្បន្ននេះ គឺកម្ពុជាមានបំណងតែមួយគត់ប៉ុណ្ណោះគឺមិនចង់ឃើញប្រជាជនមីយ៉ាន់ម៉ារងសោកនាដកម្ម និងទុក្ខវេទនាដោយសារសង្រ្គាមអូសបន្លាយ ខណៈដែលកម្ពុជាធ្លាប់បានឆ្លងកាត់សោកនាដកម្មនេះរួចមកហើយកាលពីសម័យខ្មែរក្រហម។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា កម្ពុជានឹងនៅតែបន្តជួយមីយ៉ាន់ម៉ាក្នុងការស្វែងរកដំណោះស្រាយបញ្ចប់សង្រ្គាម ខណៈដែលសម្តេចតេជោចាត់ទុកបញ្ហានៅមីយ៉ាន់ម៉ាគឺជាបញ្ហាធំ និងស្មុគស្មាញសម្រាប់ប្រទេសអាស៊ាន៕












